កម្ពុជាបានបញ្ជូនយុវជនមានពិការភាពប្រមាណ ៣០រូបទៅប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា លើកឡើងថា កម្ពុជាបានបញ្ជូនយុវជនមានពិការភាពចំនួន ៣០រូប ទៅប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាចំនួនចាប់តាំងពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន ដោយលទ្ធផលយុវជនមានពិការភាពធ្លាប់ទទួលបានមេដៃសរុបចំនួន ២៣គ្រឿង។
លោក ឯម ច័ន្ទមករា ថ្លែងដូចនេះ ក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី អញ្ជើញជាអធិបតីនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ជាមួយមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។
លោកបានឱ្យដឹងថា ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ វិស័យពិការភាពមានវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដែលបានប្រែក្លាយស្ថានភាពជីវភាពរស់នៅរបស់ជនមានពិការភាពបានសមរម្យ និងទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់និងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព។
លោក ឯម ច័ន្ទមករា បានបន្ថែមទៀតថា អគ្គលេខាធិការដ្ឋានសម្រេចបានជោគជ័យជាច្រើដូចជា ការកសាងអនុក្រឹត្យ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលរួមក្នុងដំណើរការសុំសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលនិងរដ្ឋសភាដើម្បីផ្តល់សច្ចាប័នអនុសញ្ញាស្តីពីសិទ្ធិជនពិការ បានរៀបចំពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាពនិងយុទ្ធសាស្ត្រ incheon ធ្វើឲ្យសិទ្ធិក្លាយជាការពិត។
ទន្ទឹមនោះ អគ្គលេខាធិការដ្ឋានក៏បានរៀបចំចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ដល់ប្រាក់រង្វាន់ដល់ជនមានការភាពដែលទទួលបានជ័យលាភីពីការប្រកួតប្រជែងជំនាញនិងការប្រកួតកីឡា Special Olympic និងបានរៀបចំទិវាជនមានពិការភាពផ្សេងៗរៀងរាល់ឆ្នាំដូចជាការប្រកួតកីឡាជនមានពិការភាព ទិវាអូទីស្សឹម និងដោនសាំងដ្រូម ទិវាមនុស្សគ-ថ្លង់ និងទិវាជនមានពិការភាពកម្ពុជា-អន្តរជាតិ និងរៀបចំកសាងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព។
ជាមួយគ្នានោះ អគ្គលេខាធិការដ្ឋានក៏បានប្រកាសអន្តរក្រសួង ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ រវាងក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពី “ការដាក់ឱ្យអនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ ជនមានពិការភាព” រៀបចំពិធីប្រកាស ផ្សព្វផ្សាយ ផលិតឯកសារមេរៀន វីដេអូស្ពត វីដេអូអប់រំ បណ្តុះបណ្តាល។
ក្រោយការធ្វើបទបង្ហាញរបស់មន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងបានទស្សនាវីដេអូឃ្លីបរួចមក រដ្ឋមន្ត្រីក្រសួង លោក ជា សុមេធី បានកោតសរសើរចំពោះសមិទ្ធផលដែលបានបង្ហាញដោយថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក្នុងការខិតខំបំពេញភារកិច្ចបម្រើឱ្យវិស័យពិការភាពរហូតទទួលបានជោគជ័យនិងមានការទទួលស្គាល់ពីសំណាក់ថ្នាក់ជាតិ និងអន្តរជាតិ។
ជាមួយគ្នានោះ លោក ជា សុមេធី បានទទួលយកសំណូមពរទាំងអស់ដែលបានលើកឡើងក្នុងអង្គប្រជុំដើម្បីពិភាក្សាជាមួយក្រុមជំនាញនិងរកមធ្យោបាយដោះស្រាយ៕