ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានបំណងចង់ឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យសំខាន់ៗដូចជា ការបង្កើតរោងចក្រដើម្បីកែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា និងបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជាការដំឡើងរថយន្ត គ្រឿងបង្ខំអេឡិចត្រូនិច និងថាមពលជាដើម។
សម្តេចតេជោ បានបញ្ជាក់ពីគោលបំណងនេះក្នុងអំឡុងទទួលជួបសម្តែងការគួរសមជាមួយ ប្រធានសមាគមជប៉ុន- កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) នៅវិមាន៧មករា ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
ប្រធានសមាគម បានរាយការណ៍ជូនសម្តេចតេជោអំពីលទ្ធផលការងារដែលសមាគម សម្រេចបានកន្លងមក និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយសហការជាមួយ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ប្រធានសមាគម ក៏បានជម្រាបជូនសម្តេចអំពីការត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាស ធុនតូចនិងមធ្យម (SMEs) មកវិនិយោគលើផ្នែកសំខាន់ៗនៅកម្ពុជា ដូចដែលលោកបានសន្ទនាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ បានលើកទឹកចិត្ត និងឆ្លើយតបជាវិជ្ជមានចំពោះការគាំទ្រលើការវិនិយោគ ស្របតាមច្បាប់វិនិយោគកម្ពុជា ហើយបានបញ្ជាក់អំពីគោលបំណងចង់ឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យសំខាន់ៗពីរ រួមមាន៖ ការបង្កើតរោងចក្រ ដើម្បីកែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា និង បច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជារោងចក្រតម្លើងរថយន្ត គ្រឿងបង្ខំអេឡិចត្រូនិច និងថាមពលជាដើម។
សម្តេចតេជោ បានផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ហើយចាត់ទុកថាជា ស្ពានឬស្សីដែលត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាភាគីទាំងពីរមានស្ពានបេតុង ដែលជាទំនាក់ទំនងការទូតល្អ រវាងរដ្ឋនិងរដ្ឋ ក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ភាគីមិត្តអំពីទស្សនវិស័យនៃការកសាង សន្តិសុខស្បៀងនៅតំបន់ទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងគំនិតផ្ដួចផ្ដើមនៃការបង្កើតសមាគម បណ្តាប្រទេសនាំចេញអង្ករ ដើម្បីរក្សាស្ថិរភាពថ្លៃ និងមានការឯកភាពគ្នាក្នុងការផ្គត់ផ្គង់នៅលើទីផ្សារ៕