ភ្នំពេញ៖ រដ្ឋមន្ត្រីថ្មីនៃក្រសួងអធិការកិច្ចលោក ហួត ហាក់ ប្រកាសគាំទ្រឱ្យមានការយកចិត្តទុកដាក់លើសមភាពយេនឌ័រក្នុងក្រសួង ដោយត្រូវបន្តលើកម្ពស់យេនឌ័របន្ថែមទៀតក្នុងការដំឡើងឋាន: និងតួនាទីដល់ស្ត្រី ដោយឈរលើមូលដ្ឋានមូលធនមនុស្ស ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ អតីតភាពការងារ សីលធម៌ និងគុណធម៌។
លោករដ្ឋមន្ត្រីលើកឡើងបែបនេះក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដំបូង នាថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានចាត់ទុកការប្រមូលនូវមូលធនមនុស្សដើម្បីបម្រើការងារ ជាមុំមួយនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដូចនេះ កិច្ចការជ្រើសរើសមន្រ្តីក្របខណ្ឌ ត្រូវផ្អែកលើការប្រឡងប្រជែង ដូចប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងកន្លងមកហើយថា «អ្នកចេះគឺជាប់»។ ចំណែកឯការដំឡើងឋានៈ និងតួនាទីត្រូវផ្អែកលើគុណាធិបតេយ្យ។
ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តី ស្នើឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំសិក្សារៀនសូត្រ អភិវឌ្ឍខ្លួន និងស្វែងយល់បន្ថែមនូវជំនាញដែលពាក់ព័ន្ធនឹងវិស័យដែលមន្ត្រីទទួលភារកិច្ច ដូចជាវិស័យអធិការកិច្ច ការកសាងលិខិតរដ្ឋបាល លិខិតបទដ្ឋានគតិយុត្តផ្សេងៗ និងបច្ចេកវិទ្យា៕