ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន មានការកើនឡើងគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឬទ្ធិសែន លើកឡើងថាក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (២០១៧-២០២២) ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន មានការកើនឡើងគួរឱ្យកត់សម្គាល់។

លោក ឆាយ ឬទ្ធិសែន លើកឡើងបែបនេះក្នុងពិធីបើកសិក្ខាសាលា ស្តីពីការបញ្ចប់ការសិក្សារៀបចំគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី៤ គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វ៉េ។

លោកបានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (២០១៧-២០២២) ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន មានការកើនឡើងគួរឱ្យកត់សម្គាល់ពី ៥៨,៧% ដល់ ៨២,៧% ហើយ ផ្នែកអនាម័យកម្រិតមូលដ្ឋាន បានកើនឡើងពី ៧១% ទៅ ៨៣,៧ % (CSES ២០២២) និងការបន្ទោរបង់ពាសវាលពាសកាលបានធ្លាក់ចុះយ៉ាងខ្លាំងពី ៤៣% ក្នុងឆ្នាំ២០១៥ មកត្រឹម ១៦% ក្នុងឆ្នាំ ២០២២ (JMP ២០២៣)។

រដ្ឋមន្រ្តីរូបនេះបានបន្តលើកឡើងពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទ ទទួល បានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ១០០% នៅឆ្នាំ២០២៥។

ជាមួយគ្នានេះក្នុងគោលនយោបាយជាតិបានកំណត់នូវទស្សនៈវិស័យថា នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព។

លោក ឆាយ ប្ញទ្ធិសែន ថ្លែងថា៖ «គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី ៤ ដែលគាំទ្រដោយ (ADB) គឺផ្តោតទៅលើការធានាឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ និងប្រតិបត្តិអនាម័យជនបទ ប្រកបដោយសុវត្ថិភាព សម្រាប់តំបន់ជនបទក្នុងខេត្តគោលដៅចំនួន៩ គឺ៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ប៉ៃលិន បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ និងខេត្តស្ទឹងត្រែង»

ជាមួយនោះ លោកបានបន្ថែមថា តាមរយៈគម្រោងកម្មវិធីនេះ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទជាច្រើននឹងត្រូវបានស្ថាបនារួមមាន ប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ ការកែលម្អស្រះសហគមន៍ អណ្ដូងខួងបំពាក់ស្នប់ បង្គន់អនាម័យ និងការបណ្ដុះបណ្ដាលកសាងសមត្ថភាព។

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើឱ្យសិក្ខាកាមចូលរួមផ្តល់យោបល់សម្រាប់ការពិភាក្សា ដើម្បីឆ្លុះបញ្ចាំងទៅលើលទ្ធផល នៃការសិក្សា និងការប្រមូលធាតុចូលបន្ថែមពីសំណាក់អ្នកចូលរួម ដើម្បីឱ្យការសិក្សានេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធមុននឹងដាក់ជូនទៅក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុម័តជាផ្លូវការ ដើម្បីឱ្យកម្មវិធីនេះអាចអនុវត្តបានតាមផែនការគ្រោងទុកចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក