ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំការបន្តវេនដោយរលូននៅកម្ពុជា និងការចូលរួមក្នុងបេសសកម្មសន្តិភាពនៅក្នុងតំបន់ និងពិភពលោកតាមទស្សនៈ «មិនយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម» និង «យកកិច្ចសន្ទនាជាមូលដ្ឋានគ្រឹះ នៃសន្តិភាព»។
លោក អ៊ូអិណូ អាត់ស៊ូស៊ី លើកឡើងបែបនេះក្នុងពេលដែលលោកចូលជួបសម្ដេចតេជោនៅវិមាន ៧មករា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងជំនួបនោះលោក អ៊ូអិណូ បានសាទរនូវសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន និងថានាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីយូ គីស៊ីដា បានប្ដេជ្ញាចិត្តនឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាបន្តផងដែរ។
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះមិត្តភាព ដែលបានកើតមានគ្រប់ជំនាន់នៃនាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសចាប់តាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រី តាកស៊ីតា ណូបូរូ (Takeshita Noboru) រហូតដល់អតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) និងនាយករដ្ឋមន្ត្រី ហ្វូមីយូ គីស៊ីដា (Fumio Kishida) ដែលបានជួបសន្ទនាការងារជាមួយគ្នាជាញឹកញាប់។
ជាមួយគ្នានោះសម្ដេចក៏បានលើកឡើងថា សន្តិភាពនិងការអភិវឌ្ឍន៍ដែលកម្ពុជាទទួលបានពេលនេះក៏ជាការរួចចំណែកពីរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ។
ក្នុងចំណងមិត្តភាពកម្ពុជា-ជប៉ុន រយៈពេល ៧០ឆ្នាំ ប្រទេសទាំងពីរបានទទួលនូវផលប្រយោជន៍ទៅវិញ ទៅមកយ៉ាងច្រើន ជាពិសេសកម្ពុជាទទួលបានការស្ដារហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកកម្ពស់ប្រព័ន្ធ ទូរគមនាគមន៍ពី 4G ទៅ 5G និងការពង្រីកសមត្ថភាពកំពង់ផែសមុទ្រខេត្តព្រះសីហនុ ជាដើម។ ក្នុងជំនួបនោះឯកអគ្គរាជទូតក៏បានជម្រាបជូនអំពីផែនការសម្ភោធរោងចក្រតម្លើងរថយន្ត Toyota (CKD) នៅឆ្នាំ២០២៤៕