តំណាងកម្ពុជាទៅចូលរួមកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីតដើម្បីដាក់បញ្ចូលប្រាសាទកោះកែរចូលក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោក
ភ្នំពេញ៖ កម្ពុជាបានអញ្ជើញទៅចូលរួមកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ ឆ្នាំ២០២៣ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងការដាក់បញ្ជូលប្រាសាទកោះកែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ កំពុងស្ថិតក្នុងកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥។ លោកមិនអាចបញ្ជាក់បន្ថែមបាននៅឡើយទេដោយគ្រាន់តែបង្ហើបថាលោកចូលរួមទាក់ទងនឹងការដាក់បញ្ជូលប្រាសាទកោះកែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ចំណែកអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក អ៊ុក សុខា មិនអាចបរិយាយលម្អិតអំពីរឿងនេះបានឡើយ ដោយលោកគ្រាន់តែអះអាងថា គោលបំណងរបស់កម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ គឺដើម្បីសម្រេចឱ្យបាននូវភាពជោគជ័យនៃការដាក់បញ្ចូលប្រាសាទកោះកែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
គូសបញ្ជាក់ថា ប្រាសាទកោះកែរ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជូនឯកសារស្នើសុំចុះបញ្ជីនៅតំបន់ប្រាសាទកោះកេរ ទៅអង្គការយូណេស្កូ តាំងពីខែមករាឆ្នាំ២០២១។
ប្រាសាទកោះកែរ មានទំហីដីជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ខេត្តព្រះវិហារ។ ប្រាសាទប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កម្ពស់ប្រមាណ ៣៥ម៉ែត្រ ចែកចេញជា ៧ថ្នាក់ បីដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ ៥៥កាំ។
តាមថ្នាក់ពីមួយទៅមួយ មានកម្ពស់ ៥ម៉ែត្រ មានផ្ទៃរាបប្រមាណ ២ម៉ែត្រ តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម។
ប្រាសាទកោះកែរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន ៧ជាន់ និងមានកម្ពស់ ៣៥ម៉ែត្រ។ សព្វថ្ងៃនៅរមណីយដ្ឋានប្រាសាទកោះកែរ មានសំណង់ប្រាសាទ សំណង់សាសនា ប្រព័ន្ធធារាសាស្រ្តចំនួន១២៧ ក្នុងនោះមានប្រាសាទដែលនៅមានរូបរាងចំនួន៥៦៕