ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងមុខងារសាធារណៈប្តេជ្ញាធ្វើកំណែទម្រង់ការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការត្រូវមានសមត្ថភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានប្តេជ្ញាធ្វើកំណែទម្រង់ ការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការ ដោយលោកបញ្ជាក់ថា មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ ប៉ុន្តែត្រូវមានសមត្ថភាព។

លោក ហ៊ុន ម៉ានី លើកឡើងដូចនេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

លោកបានថ្លែងថា៖ «មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព» ខ្ញុំមានតួនាទី និងទំនួលខុសត្រូវខ្ពស់ចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះឲ្យបានហ្មត់ចត់ជាទីបំផុត និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម ឆ្ពោះទៅកាន់កំណែទម្រង់មួយដែលអាចទទួលបានទាំងអស់គ្នា»

ជាមួយគ្នានោះដែររដ្ឋមន្ត្រីមុខងារសាធារណៈ បង្ហាញឆន្ទៈក្នុងការពន្លឿនយន្តការប្រឡងមន្ត្រីរាជការថ្នាក់ជាតិ ឱ្យសម្រេចឆាប់រហ័ស ដោយលោកបានបង្ហាញការគាំទ្រឥតងាករេ លើគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ តាមរយៈការប្រឡងជ្រើសរើសមន្ត្រីថ្នាក់ជាតិ។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលើកឡើងនេះ ក្រោយពេលដែលលោកបានចូលរួម និងបានស្តាប់ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូន កម្មករ និយោជិត ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយសម្តេចធិបតីបានលើកឡើងថា ដើម្បីធានាឱ្យមានសុគតិភាព ត្រូវរៀបចំយន្តការថ្នាក់ជាតិមួយ ដោយរៀបចំឱ្យមានការប្រឡងយន្តការថ្នាក់កណ្ដាល និងសហការជាមួយក្រសួងជំនាញ ដើម្បីធានាឱ្យបានភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយធានាឱ្យបាន អ្នកចេះគឺជាប់ នេះជាគោលការណ៍របស់រដ្ឋាភិបាលថ្មី។

សម្តេចធិបតីថ្លែងថា៖ «ដើម្បីលុបបំបាត់ភាពអយុត្តិធម៌ក្នុងសង្គម និងមានតម្លាភាព ស្មើភាពគឺផ្ដើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា ដោយបង្កើតផ្នត់គំនិតប្រកួតប្រជែងដោយភាពត្រឹមត្រូវ ជាជាងការប្រកួតប្រជែងពីខាងក្រោយ»

គួរឱ្យដឹងដែរថា កន្លងមកសម្រាប់កិច្ចការកំណែទម្រង់ វិស័យមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ធ្លាប់បានលើកឡើងក្នុងជំនួបជាមួយមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈថា ក្រសួងមុខងារសាធារណៈ បានដាក់ទិសដៅការងារសំខាន់ៗចំនួន៣គឺ អនុវត្តន៍ចក្ខុវិស័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាល សាធារណៈ ប្រកបដោយសមត្ថភាពខ្លាំង ស្អាតស្អំ ឆ្លាត ដើម្បីកសាងជំនឿចិត្តពីមហាជន មកលើរាជរដ្ឋាភិបាល (ឆ្ពោះទៅឆ្នាំ២០២៨) ព្រមទាំងចូលរួមចំណែកក្នុងការធ្វើទំនើបកម្ម ស្ថាប័នសាធារណៈ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក