រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទថាឆ្នាំ២០២៥ ប្រជាជនកម្ពុជាទាំងអស់នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន ថ្លែងឱ្យដឹងថា នៅឆ្នាំ២០២៥ ប្រជាជនកម្ពុជាគ្រប់រូបនឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង ខណៈបច្ចុប្បន្នសម្រេចបាន ៨០ភាគរយនៃផែនការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋប្រើប្រាស់។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់បែបនេះនៅមុខឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi ដែលបានអញ្ជើញមកសម្តែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
លោក ឆាយ ឫទ្ធិសែន បានជម្រាបជូនលោកឯកអគ្គរាជទូតជប៉ុន អំពីគោលនយោបាយអនុវត្តបន្តរបស់ក្រសួងសំដៅធ្វើយ៉ាងណាលើកស្ទួយសេដ្ឋកិច្ចជនបទ តាមរយៈការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ទីកន្លែង និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការអប់រំប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកស្អាត។
រដ្ឋមន្ត្រីបញ្ជាក់ថា នៅឆ្នាំ២០២៥ កម្ពុជានឹងមានទឹកស្អាតសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋទូទាំងប្រទេស ព្រមទាំងការអប់រំប្រើប្រាស់បង្គន់អនាម័យឱ្យបានត្រឹមត្រូវ សំដៅលុបបំបាត់ការបន្ទោបង់ពាសវាល ពាសកាល។
រដ្ឋមន្ត្រី បានបន្តលើកឡើងពីកិច្ចខិតខំប្រឹងប្រែងជំរុញលើកកម្ពស់សេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្តាលជំនាញជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចប្រកបមុខរបរផ្សេងទៀតក្រៅពីមុខរបរកសិកម្ម។ ជាមួយនេះ ក្រសួងបាន និងកំពុងខិតខំពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងភាពជាដៃគូនាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន។ លោកបន្តថា លោកនឹងបន្តកិច្ចសហការជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិថ្មីនេះដើម្បីលើកស្ទួយវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជាឱ្យមានភាពកាន់តែប្រសើរឡើងបន្ថែមទៀត។
ភាគីទាំងពីរ បានប្ដេជ្ញានឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ ជាពិសេសដើម្បីស្វែងយល់អំពីតម្រូវការរបស់កម្ពុជាក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ជនបទ៕