ចិន៖ អនុប្រធានទី១អាជ្ញាធរមីន លោក លី ធុជ បានស្នើឱ្យប្រទេសចិនបន្តពិនិត្យលទ្ធភាព និងជួយឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ទាំងសម្ភារបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទាំងនៅកម្ពុជា និងនៅចិន។
លោកក៏បានស្នើឱ្យរដ្ឋាភិបាលចិនបន្តជួយដល់កម្ពុជាក្រោយឆ្នាំ២០២៥ តាមរយៈអង្គភាពស៊ីម៉ាក់ ក្នុងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមនៅទូទាំងប្រទេស ក៏ដូចជាគាំទ្រផ្តល់សម្ភារបច្ចេកទេស និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។
ការស្នើនេះធ្វើឡើងក្នុងពេលដែលលោក លី ធុជ តំណាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ដល់មន្ត្រី និងនាយទាហានកម្ពុជា នៅទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។
លោក លី ធុជ បានរំលឹកថា ជំនួយឧបត្ថម្ភគាំទ្ររបស់ចិន ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន លើគម្រោងលុបបំបាត់គ្រាប់មីននៅកម្ពុជាចាប់ពីឆ្នាំ២០១៨ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីននិងគ្រាប់ក្នុងទំហំផ្ទៃដីប្រមាណជា ១០៦ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលជាង១លាននាក់ ស្ថិតក្នុងខេត្តកំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង កំពង់ឆ្នាំង និងខេត្តស្វាយរៀង។
លោកថ្លែងថា៖«ជំនួយរបស់មិត្តចិន បានចូលរួមជួយសង្រ្គោះជីវិតរបស់ប្រជាជនកម្ពុជាឲ្យរួចចាកផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយធ្វើឲ្យលក្ខខណ្ឌរស់នៅរបស់ប្រជាជនកាន់តែប្រសើរ។ ការចូលរួមចំណែកពីមិត្តចិន កម្ពុជា នឹងអាចទទួលបានជោគជ័យ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥»។
លោកអនុប្រធានទី១អាជ្ញាធរមីន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់នូវការគាំទ្រចំពោះកម្ពុជា ទាំងពេលកន្លងមក និងពេលបច្ចុប្បន្ន ដល់កិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម។
លោកបានគូសបញ្ជាក់ថា ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដែលជាផ្នែកមួយនៃជំនួយមនុស្សធម៌របស់ប្រទេសចិន ខណៈឆ្នាំ២០២៣នេះ គឺជាឆ្នាំទី៦ ដែលប្រទេសចិន បានផ្តល់ការឧបត្ថម្ភគាំទ្រ ដល់វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន បន្ទាប់ពីខកខានអស់រយៈពេល៣ឆ្នាំ (២០២០-២០២២) ដោយសារតែការរាតត្បាតនៃ ជំងឺកូវីដ-១៩នៅទូទាំងសកលលោក។
រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តប្តេជ្ញាចិត្តខ្ពស់ និងដោះស្រាយហានិភ័យដែលនៅសេសសល់ពីគ្រាប់មីនឲ្យអស់ពីទឹកដីកម្ពុជាត្រឹមឆ្នាំ២០២៥ និងគ្មានប្រជាពលរដ្ឋណាម្នាក់បន្តរងគ្រោះដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥៕