ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន សំណូមពរដល់ធនាគារអេសុីលីដា បន្តគាំទ្រដល់ប្រពន្ធ័ផ្សព្វផ្សាយសាធារណៈបន្ថែមទៀត ដើម្បីភាពរីកចំរើនទៅមុខក្នុងការផ្តល់ព័ត៌មាន លឿនរហ័សពិតជាក់ស្តែងដល់ប្រជាពលរដ្ឋ ។
ការស្នើនេះធ្វើឡើងក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីព័ត៌មាន លោក នេត្រ ភក្ត្រា និងប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាលោក អ៊ិន ចាន់នី នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវអំណរគុណចំពោះ ធនាគារអេស៊ីលីដា ដែលបានធ្វើកិច្ចសហការល្អជាមួយស្ថាប័នក្រសួងព័ត៌មាន ហើយសម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងព័ត៌មាន ជាង ៤ពាន់នាក់ បានធ្វើការបើកប្រាក់ខែ តាមប្រព័ន្ធធនាគារនេះ។
ក្រៅពីនេះលោកបានអរគុណដល់ធនាគារអេស៊ីលីដា ដែលបានចូលរួមគាំទ្រដល់កម្មវិធីនានា របស់ក្រសួងព័ត៌មាន រួមទាំងការផ្សាយពាណិជ្ជកម្មលើបណ្តាញផ្សព្វផ្សាយរបស់ជាតិផងដែរ។ លោកបានសំណូមពរដល់ធនាគារអេស៊ីលីដា បន្តគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈបន្ថែមទៀត ដើម្បីភាពរីកចំរើនទៅមុខក្នុងការផ្តល់ព័ត៌មាន លឿនរហ័សពិតជាក់ស្តែងដល់ប្រជាពលរដ្ឋ។
លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ពីជំហរក្នុងត្រៀមធ្វើកិច្ចសហប្រតិបត្តិការ និងបន្តគាំទ្រដល់កម្មវិធីនានារបស់ក្រសួងព័ត៌មាន ដែលបានធ្វើកន្លងមក និងបន្តទៅមុខទៀត។ លោកបានសំដែងនូវការអរគុណចំពោះក្រសួងព័ត៌មាន ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយ ធនាគារអេស៊ីលីដា ក្នុងរយៈពេលកន្លង និងបន្តទៅមុខទៀត។
រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានធ្វើការជម្រាបជូនអំពីការងារអាទិភាពដែលនឹងត្រូវធ្វើក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន បន្តទៅមុខ គឺផ្ដោតជាសំខាន់ក្នុងធ្វើការទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលា ពិត និងមានគុណភាពផងដែរ៕