ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងសង្គមកិច្ចទុកពេល ២ខែដល់អង្គការកុមារកំព្រា និងចាស់ជរាមួយរៀបចំកែលម្អឡើងវិញ

ភ្នំពេញ៖ ក្រសួងសង្គមកិច្ចសម្រេចទុករយៈពេល ២ខែដល់អង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះ ដែលមានទីតាំងនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាមរៀបចំកែលម្អអង្គការរបស់ខ្លួនឡើងវិញបន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ។ ការសម្រេចនេះគឺបន្ទាប់ពីក្រុមការងារក្រសួងសង្គមកិច្ចចុះពិនិត្យនិងស្វែងរកឃើញពីកំហុសមួយចំនួនដែលអង្គការនេះមិនបានបំពេញ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះអ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានបញ្ជាក់ថាអង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះនេះពុំបានដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះអង្គការស្របតាមច្បាប់ថ្មីនោះទេ ហើយក៏ពុំមានលិខិតអនុញ្ញាទទួលស្គាល់ជាមណ្ឌលថែទាំងកុមារពីក្រសួងផងដែរ។

លោកបន្ថែមថាជាងនេះទៅទៀតបន្ទាប់ពីក្រុមការងារក្រសួងចុះពិនិត្យក៏បានឃើញផងដែរថាអង្គការពុំបានរៀបចំបែងចែកបន្ទប់តាមភេទ និងវ័យ គ្មានចំនួនបន្ទប់គ្រប់គ្រាន់ គ្មានអនាម័យ ដល់កុមារ មនុស្សពេញវ័យ និងមនុស្សវ័ចាស់ដែលស្នាក់នៅក្នុងអង្គការនោះទេ។

ក្នុងសេចក្ដីប្រកាសនោះឱ្យដឹងថា៖ «ការរៀបចំសម្ភារៈសំលៀកបំពាក់ក្នុងបន្ទប់គ្មានរបៀបរៀបរយ ការផ្តល់ការហូបចុកមិនបានគ្រប់គ្រាន់ ហើយពុំមានម្ចាស់ជំនួយឧបត្ថម្ភពិតប្រាកដែលជាហានិភ័យសម្រាប់កុមារ។ អ្នកគ្រប់គ្រងខ្វះការយល់ដឹងពីប្រព័ន្ធលំហូរនីតិវិធី ការគ្រប់គ្រងករណីនិងចំណេះដឹងអំពីការការពារកុមារ»

ទោះជាយ៉ាងណាដោយមើលឃើញថាប្រធានអង្គការលោកស្រី ឡន សំអន មានឆន្ទៈជួយសង្គម អង្គនាយកដ្ឋានសេវាសង្គមកិច្ចបានសម្របសម្រួលជូនអង្គការនូវការបន្តដំណើរការដោយអនុញ្ញាតឱ្យថែទាំ «តែមនុស្សចាស់ប៉ុណ្ណោះ» ខណៈកុមារកំព្រានឹងត្រូវមន្ទីរសង្គមកិច្ចខេត្ត សហការជាមួយអាជ្ញាធរក្នុងការឱ្យពួកគេទៅនៅជាមួយសាច់ញាតិក្នុងសហគមន៍របស់ពួកគេវិញ។

បន្ថែមលើនេះក្រសួងបានតម្រូវឱ្យអង្គការៀបចំនីតិវិធីដំណើរការ មណ្ឌលថែទាំមនុស្សចាស់ស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ពិសេសតម្រូវឱ្យអង្គការអនុវត្តតាមនីតិវិធីថែទាំមនុស្សចាស់ដោយសហការជាមួយមន្ទីរនិងអាជ្ញាធរមូលដ្ឋានឱ្យបានល្អហើយត្រូវរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរបស់អង្គការឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈនៃការបង្កើតអង្គការ។

អគ្គនាយកដ្ឋានសេវា សង្គមកិច្ចបានទុករយៈពេលជូនអង្គការរៀបចំកែសម្រួលឱ្យបានល្អក្នុងរយៈពេល ២ខែ ហើយស្នើអាជ្ញាធរជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលទាមទារឱ្យបិទអង្គការនេះឱ្យបានសមរម្យ។

គួរបញ្ជាក់ថា បច្ចុប្បន្នអង្គការខាងលើនេះមានកុមារ មនុស្សពេញវ័យ និងមនុស្សវ័យចាស់សរុប ចំនួន ៧១នាក់ ក្នុងនោះកុមារចំនួន ៤៣នាក់ (កុមារី ២២នាក់) និងមនុស្សចាស់ចំនួន ១៩នាក់ (ស្រី១៦នាក់) ចុងភៅចំនួន ០៦នាក់ អ្នកអនាម័យចំនួន ០១នាក់ និងសន្តិសុខចំនួន ០២នាក់។

មណ្ឌលនេះចាប់ផ្តើមកសាងឡើងនៅឆ្នាំ២០១៩ មានដីទំហំ ៣៥ម x៤៤ម អគារស្នាក់នៅ០១ រោងបាយ០១ ក្រោមជំនួយឧបត្ថម្ភកសាងពីព្រះតេជគុណ ជា សុមាលា (បច្ចុប្បន្នសឹក) ព្រមទាំងកៀរគរព្រះសង្ឃ និងសប្បុរសជនគ្រប់កន្លែងសម្រាប់ធ្វើការដោះស្រាយទឹក ភ្លើង សម្ភារៈផ្ទះបាយ សម្ភារៈស្នាក់នៅ និងម្ហូបអាហារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក