២ករណីហើយ! និស្សិតជនជាតិចិនម្នាក់ត្រូវបានក្រុមជនទុច្ចរិតឆបោកឱ្យមកកម្ពុជាជំរិតទារប្រាក់ ៧១ម៉ឺនដុល្លារ
ភ្នំពេញ៖ និស្សិតប្រុសជនជាតិចិនម្នាក់សិក្សាបរិញ្ញាបត្រនៅប្រទេសសិង្ហបុរី ត្រូវបានក្រុមជនទុច្ចរិតបន្លំធ្វើជាសមត្ថកិច្ចសិង្ហបុរីដោយចោទថាជនរងគ្រោះជាប់ពាក់ព័ន្ធករណីឆបោកជាច្រើនករណី ដោយលួងលោមឱ្យជនរងគ្រោះធ្វើដំណើរមកកម្ពុជាថតជាវីដេអូសម្តែងជាត្រូវបានគេចាប់ជំរិត ដើម្បីគំរាមទារប្រាក់ចំនួន ៧១ម៉ឺនដុល្លារពីក្រុមគ្រួសារជនរងគ្រោះ។
ដោយសារជនរងគ្រោះជានិសិ្សតជនជាតិចិនមានការភិតភ័យ បានធ្វើដំណើរមកកម្ពុជានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ដើម្បីស្វែងរកបន្ទប់សណ្ឋាគារមួយស្នាក់នៅជាបណ្តោះអាសន្ន ហើយថតជាវីដេអូឃ្លីបខ្លីសម្តែងធ្វើជាជនរងគ្រោះត្រូវបានគេចាប់ជំរិត រួចផ្ញើវីដេអូឃ្លីបនេះទៅជនសង្ស័យ ហើយជនសង្ស័យបានផ្ញើវីដេអូនោះទៅក្រុមគ្រួសារនិស្សិតនោះដោយគំរាមទារប្រាក់ចំនួន ៧១ម៉ឺនដុល្លារ។
ឪពុកម្តាយរបស់ជនរងគ្រោះបានផ្ញើឱ្យជនសង្ស័យចំនួន ៥ពាន់ដុល្លារ ហើយក៏បានប្តឹងទៅកាន់សមត្ថកិច្ចប្រទេសសិង្ហបុរី និងស្ថានទូតចិនប្រចាំកម្ពុជាដើម្បីសុំកិច្ចអន្តរាគមន៍។
ក្រោយទទួលបណ្តឹងរួចមក សមត្ថកិច្ច នៃប្រទេសសិង្ហបុរី បានស្រាវជ្រាវ និងពិនិត្យទៅឃើញថា ជនរងគ្រោះបានធ្វើដំណើរចូលមកកម្ពុជា ទើបឪពុកម្តាយរបស់ជនរងគ្រោះ និងមន្ត្រីស្ថានទូតចិន បានសហការគ្នាជាមួយនគរបាលកម្ពុជា បើកការស្រាវជ្រាវ រហូតតាមរកជនរងគ្រោះឃើញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅក្នុងផ្សារទំនើបអ៊ីអន២ ក្នុងខណ្ឌសែនសុខ គ្រាដែលជនរងគ្រោះដើរថតពីសកម្មភាពរបស់ខ្លួន ដើម្បីរាយការណ៍បន្តទៅក្រុមជនសង្ស័យ។
តាមការបញ្ជាក់របស់ជនរងគ្រោះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣១ ខែសីហាបានឱ្យដឹងថា ក្រុមជនសង្ស័យមានជំនាញណាស់ ពិសេសមានទិចនិច និងចិត្តសាស្ត្រខ្ពស់ក្នុងការនិយាយលួងលោមបំភិតបំភ័យ រហូតរូបគេបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ព្រមជឿជាក់នឹងសម្តីរបស់ក្រុមនេះ រហូតព្រមធ្វើតាមគ្រប់យ៉ាងដូចដែលពួកគេបានប្រាប់ ដោយមិនបានប្តឹងសមត្ថកិច្ច នៃប្រទេសសិង្ហបុរីជាមុនសិន ពិសេសនោះ ក៏មិនបានពិភាក្សាជាមួយឪពុកម្តាយទៅទៀត ។
យ៉ាងណាមិញ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសមត្ថកិច្ចកម្ពុជាជួយសង្រ្គោះ និងបានឱ្យបំពេញសំណុំបែបបទ អនុញ្ញាតឱ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញហើយផងដែរ។
គូសរំលឹកថា នេះជាករណីទី២ហើយ បន្ទាប់ពីអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងមកក៏មានករណីនេះកើតឡើងម្តងរួចទៅហើយទៅលើនិស្សិតស្រីជនជាតិចិនដែលសិក្សានៅប្រទេសជប៉ុន៕