
រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដោះស្រាយវិវាទរវាង ព្រះសង្ឃ និងប្រជាពលរដ្ឋមួយគ្រួសារ នៅវត្តសាក់សំពៅ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោក ចាយ បូរិន បានសម្របសម្រួលករណីវិវាទបិទបាំងផ្លូវនិង វាយបំផ្លិចបំផ្លាញរបង ប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋ មួយគ្រួសារ នៅក្នុងវត្តសាក់សំពៅ។
លោក ចាយ បូរិន បានចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលករណីវិវាទបិទបាំងផ្លូវនិង វាយបំផ្លិចបំផ្លាញរបង ប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋមួយគ្រួសារ នៅក្នុងវត្តសាក់សំពៅ ដោយមានការនិមន្តនិងចូលរួមពីសំណាក់ តំណាងព្រះគ្រូអនុគណខណ្ឌដង្កោ ព្រះចៅអធិការវត្ត ព្រះសង្ឃ អជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្ត ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្នុងនោះ រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានស្តាប់នៅព្រះសង្ឃដីការបស់ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងការបំភ្លឺ និងសំណើរសុំមួយចំនួនរបស់ព្រះសង្ឃនិងប្រជាពលរដ្ឋ ហើយបានសាកសួរដល់អាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយអភិបាលរងខណ្ឌដង្កោ បញ្ជាក់ពីបញ្ហាវិវាទខាងលើ ដើម្បីជ្រាបកាន់តែច្បាស់នៅវិវាទ ដើម្បីដោះស្រាយបញ្ហាឲ្យចំគោលដៅនឹងតម្លាភាព។
លោក ចាយ បូរិន បានទទួលយកនៅសំណើរ និងសំណូមពរ មកពិចារណាដើម្បីយកមកដោះស្រាយដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព ជូនទាំងប្រជាពលរដ្ឋ និងព្រះសង្ឃ មិនឲ្យបាត់បង់ប្រយោជន៏ទាំងសងខាង ពិសេសសម្បត្តិវត្តអារាម ដែលជាកន្លែងគោរពប្រតិបត្តិរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកបានស្នើរសុំប្រជាពលរដ្ឋ បើកចិត្តឲ្យទូលាយក្នុងការទទួលយកដំណោះស្រាយ ចាត់ទុកថាគ្រប់គ្នាជាខ្មែរកាន់សាសនាព្រះពុទ្ធដូចគ្នា រស់នៅក្នុងសហគមន៏តែមួយ រួមគ្នាដោះស្រាយទាំងអស់គ្នា ប្រកបដោយប្រសិទ្ធភាព និងដោះស្រាយបានរលូន។
រដ្ឋមន្រ្តីធម្មការរូបនេះបញ្ចាក់ថា បញ្ហាវិវាទនេះទាល់តែមានការរួមចំណែកពីភាគីទាំងសងខាង ទើបបញ្ហាបញ្ចប់ទៅដោយសន្តិវិធី ដោយឡែកបើសិនជាមិនមានការយល់ស្របពីភាគីសងខាងទេ លោកនឹងឈរលើការដោះស្រាយទៅតាមផ្លូវច្បាប់ ជាមួយអជ្ញាធរមូលដ្ឋាន និងជំនាញ ពិនិត្យលិខិតច្បាប់ជាក់ស្តែងនៅក្នុងការដោះស្រាយ ។
ជាលទ្ធផល លោក ចាយ បូរិន បានចង្អុលបង្ហាញឲ្យភាគីទាំងសងខាងទទួលយកដំណោះស្រាយដូចបានឯកភាគ្នាក្នុងកំណត់ហេតុអង្គប្រជុំ ដោយលោកនៅតែសង្ឃឹមថា បញ្ហាវិវាទនេះនឹងដោះស្រាយបានដោយសន្តិវិធី ព្រមទាំងមានការឯកភាពពីសំណាក់ភាគីទាំងសង្ខាង៕