ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានចេញអធិបញ្ជាទៅអយ្យការសាលារាជធានីភ្នំពេញឱ្យចាត់វិធានការលើករណីតុងទីនមួយដែលអ្នកជាប់បំណុលបានចេញសែកអត់លុយជាង ២០ម៉ឺនដុល្លារអាមេរិក។
ក្នុងលិខិតមួយច្បាប់ជម្រាបទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៧ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញអធិបញ្ជាដល់ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញឱ្យចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ដើម្បីអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះករណីនេះ។
ការចេញអធិបញ្ជាពីរដ្ឋមន្ត្រីយុត្តិធម៌នេះគឺបន្ទាប់ពីមានករណីកូនបំណុលតុងទីនមួយរូបបានបោកមេតុងទីចំនួន ៣នាក់ សរុបជាលុយប្រមាណ ២៣ម៉ឺនដុល្លារអាមេរិកតាំងពីខែមេសា ឆ្នាំ២០២៣មក។ បើតាមជនរងគ្រោះថាពួកគេបានដាក់ពាក្យប្ដឹងរួចរាល់តាំងពីខែមិថុនា និងមានបន្តជាបន្តបន្ទាប់ទៀតមកដល់ពេលនេះ៕