នាយករដ្ឋមន្ត្រីជំរុញកិច្ចសហប្រតិបត្តិការជាមួយគុយបា និងប្រកាសធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលយកសំណើររបស់ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស (Miguel Diaz-Canel Bermudez) ក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសគុយបានាពេលខាងមុខ ជាមួយគ្នានឹងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនេះបន្ថែម។
ថ្លែងក្នុងជំនួបតាមទូរស័ព្ទជាមួយលោក មីហ្គែល នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រុងតាខ្មៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀតជាមួយប្រទសគុយបា។ ក្នុងន័យនេះ សម្តេចធិបតី បានគាំទ្រ និងជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាមួយគ្នានេះលោក ប្រធានាធិបតី មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស បានអបអរសម្ដេចធិបតីក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងបានបានអញ្ជើញសម្តេចធ្វើទស្សនកិច្ចផ្លូវការ នៅ សាធារណរដ្ឋគុយបា ក្នុងពេលសមស្របណាមួយ។ ជាការឆ្លើយតបនឹងការអញ្ជើញ សម្តេចធិបតី បានថ្លែងអំណរគុណ និងបានគូសបញ្ជាក់ថា «សាធារណរដ្ឋគុយបា ជាប្រទេសដែល សម្តេចធិបតី មានបំណងចង់អញ្ជើញទៅ ហើយ សម្តេចធិបតី នឹងកំណត់ពេលវេលាសមស្របណាមួយ ក្នុងពេលឆាប់ខាងមុខ»។
ប្រធានាធិបតី ក៏បានគូសបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និងអំពីការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។
ក្នុងនាមប្រទេសជាមិត្ត សម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកនិងអរគុណចំពោះជំនួយឧបត្ថម្ភ និងការគាំទ្ររបស់គុយបា ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះនូវការលំបាកបំផុត ជាពិសេសនៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់នេះពិតជាបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រកបដោយសាមគ្គីភាព និង មិត្តភាពដ៏រឹងមាំ រវាងប្រទេស និងប្រជាជន។
គួរឱ្យដឹងផងដែរថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋគុយបា កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានចាត់ទុកថាជាឆ្នាំដ៏សំខាន់នៃការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចស្តែងឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យជាច្រើន ដូចជា កសិកម្ម សុខាភិបាល អប់រំ និងកីឡា ជាដើម។
កម្ពុជា-គុយបាបានបង្កើតទំនាក់ទំនងការទូតក្នុងខែមេសា ឆ្នាំ១៩៦០ ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីកម្ពុជាវាយផ្ដួលរំលំរបបខ្មែរក្រហម ប្រទេសគុយបាបានផ្ដល់ជំនួយជួយដល់កម្ពុជាជាច្រើន ដែលសម្ដេចតេជោថាបានផ្ដល់លទ្ធភាពដល់ជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមចក្រពត្រនិយម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
សម្តេចតេជោ បានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ប្រទេសគុយបានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះកម្ពុជា មានស្ករគុយបា មានមជ្ឈមណ្ឌលកុមារកំព្រាគុយបា ហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ៕