ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីកម្ពុជាស្នើដល់ប្រទេសកូរ៉េពង្រីកបន្ថែមនូវទំនាក់ទំនងយោធាប្រទេសទាំងពីរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ លោក Kim Jin Pyo ក្នុងការលើកកម្ពស់កម្រិតទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាដំណើរទស្សនកិច្ចរបស់កងនាវាកូរ៉េមកកាន់កម្ពុជាផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងជំនួបជាមួយលោក Kim Jin Pyo នៅវិមានសន្ដិភាពរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយចង់ឱ្យប្រទេសកម្ពុជានិងកូរ៉េលើកកម្ពស់កម្រិតនៃទំនាក់ទំនង ឱ្យក្លាយទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងបានស្នើដល់ភាគីកូរ៉េពង្រីកបន្ថែមនូវទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ដូចជា ដំណើរទស្សនកិច្ចរបស់កងនាវា នៃកងទ័ពជើងទឹកកូរ៉េមកកាន់កម្ពុជាជាដើម។

ជាមួយគ្នានេះសម្ដេចធិបតី ក៏បានឯកភាពតាមការលើកឡើងរបស់លោក Kim Jin Pyo ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏ដូចជាក្របខ័ណ្ឌពហុភាគីដទៃទៀត ដើម្បីជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានស្នើភាគីកូរ៉េបន្តផ្តល់ការគាំពារ និងពិចារណាបង្កើនកូតាដល់ ពលករកម្ពុជានៅប្រទេសកូរ៉េផងដែរ។

ក្នុងជំនួបនោះលោក Kim Jin Pyo បានសម្តែងនូវការអបអរសាទរជូនចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយលោកជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជានឹងអាច សម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់។

លោកក៏បានរំលឹកអំពីការរីកចម្រើននៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ទាប់ពីការតភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧។

ជាមួយគ្នានេះ រដ្ឋាភិបាល និងរដ្ឋសភានៃសាធារណរដ្ឋកូរ៉េនឹងបន្តកិច្ចសហការជាមួយនឹងសមភាគីកម្ពុជា ក្នុងការជំរុញ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងសង្ឃឹមថាកូរ៉េនិងកម្ពុជានឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអាស៊ាននិងតំបន់មេគង្គ សម្រាប់វិបុលភាព និងការអភិវឌ្ឍនាពេលអនាគត។

ក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរបានឯកភាពក្នុងការពង្រីកការផ្សារភ្ជាប់រវាង ប្រជាជននិងប្រជាជនដោយកម្ពុជាបន្តបង្ហាញជំហរគាំទ្របេក្ខភាពសាធារណរដ្ឋកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ ពិភពលោកនៅទីក្រុងប៊ូសាន ឆ្នាំ២០៣០ និងបានស្នើកូរ៉េបន្តជួយកម្ពុជា ក្នុងវិស័យវិស្វកម្ម កសិកម្ម និងបច្ចេកវិទ្យា ទំនើបៗ ក៏ដូចជាការវិនិយោគលើសេដ្ឋកិច្ចបៃតង និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាចុងបញ្ចប់ សម្ដេចធិបតី បានជូនពរដល់ Kim Jin Pyo និងគណៈប្រតិភូ ឱ្យទទួលបាន ជោគជ័យក្នុងបេសកកម្ម និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក