ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលកូរ៉េគ្រោងផ្តល់ជំនួយឥតសំណងជាង ២៣លានដុល្លារបន្ថែមទៀតដល់កម្ពុជា

ភ្នំពេញ៖ នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបន្តផ្តល់ជំនួយឥតសំណង ប្រមាណ ២៣,២២លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងផ្សេងៗ ក្រោមក្របខ័ណ្ឌ KOICA ក្នុងវិស័យសុខាភិបាល អប់រំ វប្បធម៌ អភិវឌ្ឍជនបទ កសិកម្ម ការបោសសម្អាតមីន និងបរិស្ថាន។

ជំនួយឥតសំណងនេះត្រូវបានបង្ហាញឱ្យដឹងនៅក្នុងជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក គីម ជីនផ្យូ (Kim Jin-pyo) នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ប្រធានរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ថា ជំនួយទាំងអស់នេះ ជាកាយវិការដ៏សប្បុរសរបស់រដ្ឋាភិបាលកូរ៉េ ដែលនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍលើវិស័យអាទិភាពជាច្រើន ពិសេសការបោសសម្អាតមីន ដែលជាការគាំទ្រដល់គោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។

សម្តេចភក្តី សាយ ឈុំ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបាន ផ្តល់ជំនួយអភិវឌ្ឍផ្លូវការ ហិរញ្ញប្បទានឥតសំណង ហិរញ្ញប្បទានសម្បទាន ចាប់តាំងពីឆ្នាំ១៩៩៧។ ជាការកត់សម្គាល់ក្រោមគោលនយោបាយភាគខាងត្បូងថ្មីបូក (New Southern Policy Plus) កម្ពុជាជាប្រទេសអាទិភាពសម្រាប់ផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ។ នៅឆ្នាំ២០២២ កម្ពុជាជាប្រទេសទទួលបានជំនួយច្រើនជាងគេក្នុងចំណោមប្រទេសដៃគូអភិវឌ្ឍន៍របស់កូរ៉េក្នុងទឹកប្រាក់ចំនួន ១៥០លានដុល្លារអាមេរិក។

សម្តេចប្រមុខរដ្ឋស្តីទី ក៏បានអរគុណរដ្ឋាភិបាលកូរ៉េ ដែលបានកន្លងមកបានផ្តល់ជំនួយជាថវិកា និងសម្ភារៈសុខាភិបាល ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងកាលៈទេសៈលំបាក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានោះ សម្តេច បានអរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជួយយកចិត្តទុកដាក់ចំពោះពលករកម្ពុជា និងជួយសម្រួលនីតិវិធីការងារក្នុងបរិបទជំងឺកូវីដ-១៩ និងផ្តល់វ៉ាក់សាំងដល់ពលករកម្ពុជាដែលកំពុងបំពេញការងារនៅកូរ៉េនាពេលកន្លងមក ជាពិសេសបានយកចិត្តទុកដាក់ខ្ពស់បង្កើនកូតាបន្ថែមពលករកម្ពុជាប្រមាណ ៤០ភាគរយនៅឆ្នាំ២០២៣។

ប្រធានរដ្ឋសភាកូរ៉េ បានប្រាប់អំពីបំណងរបស់រដ្ឋាភិបាល និងសភាកូរ៉េ ក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការល្អជាមួយកម្ពុជាកាន់តែរឹងមាំ ដោយចាត់ទុកកម្ពុជាជាដៃគូសំខាន់ក្នុងក្របខ័ណ្ឌអាស៊ាន-កូរ៉េ និងជាប្រទេសដៃគូ ODA ដ៏សំខាន់។

ប្រធានរដ្ឋសភាកូរ៉េ បានគូសបញ្ជាក់ថា ការវាយតម្លៃលើគម្រោងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េទើបបានបញ្ចប់ ហើយការសាងសង់នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ។ លោកសង្ឃឹមថា ស្ពាននេះនឹងជួយរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ។

ភាគីប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីកលើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍនៅតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក