ប្រធានាធិបតីកូរ៉េ សន្យាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា
ហ្សាកាតា៖ ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក យូន ស៊ក យ៉ល (Yoon Sok Yeol) នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី) ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល ដូចជា ការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម សុខភាពសាធារណៈ ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីកម្ពុជានឹងទទួលបាននូវវឌ្ឍនភាព និងវិបុលភាព កាន់តែល្អប្រសើរថែមទៀត នាពេលអនាគត។
ជាមួយគ្នានេះ សម្តេចធិបតីបានអរគុណសារជាថ្មីម្តងទៀត ដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េ ហើយប្រធានាធិបតីនៃសាធារណៈរដ្ឋកូរ៉េ បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។
ទន្ទឹមនោះដែរ ប្រធានាធិបតីកូរ៉េក៏បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ សម្តេចតេជោ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅរាជធានីភ្នំពេញ ហើយរដ្ឋាភិបាលកូរ៉េ ក៏អរគុណចំពោះកម្ពុជាដែលបានគាំទ្របេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៌ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសានផងដែរ។
ថ្នាក់ដឹកនាំទាំងពីរបានបញ្ចប់ជំនួបនេះ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងរីករាយ ហើយ សម្តេចធិបតី បានបញ្ជាក់បន្ថែមអំពីបំណងរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ឱ្យក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕