ភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍ម្នាក់បានធ្វើសកម្មភាពពួនស្ទាក់ចាប់អ្នកធ្វើដំណើរតាមដងផ្លូវនៅស្តុបបូកគោ ដែលពលរដ្ឋថតបានកាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហៅមកអប់រំ និងព្រមានជាលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ។
ការព្រមានលើមន្ត្រីនគរបាលចរាចរណ៍មួយរូបនោះបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តោញសង្គមហ្វេសប៊ុក ដោយបានសរសេរថា៖ «ថតម៉ោង៩:១៣នាទី ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅស្តុបបូកគោ! ពួកគាត់មិនគោរព មិនស្ដាប់បទបញ្ជារបស់ស្នងការទេ សំខាន់ប៉ុស្តិ៍ពួកស្ទាក់នេះជាមុខរបររកលុយរបស់ពួកគាត់»។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានណែនាំឱ្យមន្ត្រីនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ ត្រូវលុបបំបាត់ការពួនស្ទាក់ចាប់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវដែលល្មើសច្បាប់ចរាចរណ៍ ដោយត្រូវមានកាយវិការ ពាក្យសំដីទន់ភ្លន់ និងមិនត្រូវប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋនោះឡើយ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានអះអាងថា ទោះបីបំបាត់ការពួនស្ទាក់របស់មន្ត្រីនគរបាលចរាចរណ៍ ប៉ុន្តែការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅតែបន្តអនុវត្តដើម្បីពង្រឹងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។
ស្នងការនគរបាលរាជធានីភ្នំពេញបានអំពាវនាវដល់ពលរដ្ឋធ្វើដំណើរលើដងផ្លូវនានាក្នុងរាជធានីភ្នំពេញត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពខ្លួនឯងនិងអ្នកទៃផងដែរ៕