ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានត្រលប់ដល់កម្ពុជាវិញកាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីបានទៅចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូនេស៊ីចំនួន ៧ថ្ងៃរួចមក។ ក្នុងកិច្ចប្រជុំនោះមានកម្មវិធីប្រជុំចំនួន ៣២អង្គប្រជុំដែលសម្ដេចត្រូវចូលរួម ដែលមន្ត្រីតាមសម្ដេចទៅចូលរួមកិច្ចប្រជុំកំពូលនេះថាសម្ដេចមានពេលសម្រាកតិចបំផុត។
ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីយន្តហោះពិសេសរាជរដ្ឋាភិបាលកម្ពុជាដល់ព្រលានយន្តហោះអន្តរជាតិនៅយប់ថ្ងៃទី៧ ខែកញ្ញា បណ្ឌិត សូ ណារ៉ូ បានថ្លែងថា ទំហំការងារនៃការដឹកនាំប្រទេសមួយគឺធំធេងមែនទែនរហូតដល់ថ្នាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា «បើលោកនឿយហត់ប៉ុននេះហើយ ឳពុកលោកមិនដឹងនឿយហត់ប៉ុណ្ណានោះទេ»។
លោកបន្ថែមថា៖ «សម្ដេចតេជោលោកមានវ័យចំណាស់ហើយលោកធ្វើកិច្ចការប៉ុនហ្នឹងអស់។ ដល់ពេលដែលក្មេងៗធ្វើការបានដឹងថាធំហំការងារនេះវាធំធេងមែនទេ»។
លោកបន្ថែមថាសម្ដេចធិបតី ហ៊ុន ម៉ាណែត មានពេលតិចតួចប៉ុណ្ណោះដើម្បីសម្រាកក្នុងពេលប្រជុំអាស៊ាននេះព្រោះត្រូវចូលរួមប្រជុំផង និងពិនិត្យមើលស្ថានភាពក្នុងប្រទេសផង។
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះនូវរូបមួយសន្លឹកដែលថតដោយភរិយារបស់សម្ដេចក្នុងពេលធ្វើដំណើរតាមយន្តហោះទៅហ្សាការតា ដែលបង្ហាញសម្ដេចក្នុងសភាពមូរដៃអាវ កំពុងពិនិត្យលើឯកសារ។ សម្ដេចថា ពេលធ្វើដំណើរគឺជាពេលដែលល្អបំផុតសម្រាប់ធ្វើកិច្ចការចាំបាច់នានា ព្រោះបន្ទាប់ពីយន្តហោះចុះដល់ដីហើយគឺត្រូវប្រជុំពីព្រឹកដល់យប់។
គួរឱ្យដឹងផងដែរ សម្ដេចធិបតីបានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី៤ ខែកញ្ញា។ ក្នុងកិច្ចប្រជុំនោះក្រៅពីសម្ដេចចូលប្រជុំក្នុងក្របខណ្ឌអាស៊ានហើយ សម្ដេចក៏មានជំនួបដាច់ដោយឡែកជាមួយមេដឹកនាំពិភពលោកផ្សេងទៀតផងដែរ។
លោក សូ ណារ៉ូ បានកត់សម្គាល់ថាដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាលើកដំបូងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពេលនេះបានបង្ហាញពីភាពស្របច្បាប់នៃនាយករដ្ឋមន្ត្រី ការទទួលអន្តរជាតិលើនាយករដ្ឋមន្ត្រីថ្មី ការទាក់ទាញវិនិយោគបន្ថែមដល់ប្រទេសកម្ពុជា និងការសម្រេចបាននូវការចរចាសេដ្ឋកិច្ចបន្ថែមផងដែរ៕