ប្រធានរដ្ឋសភាកម្ពុជាស្នើប្រធានរដ្ឋសភាកូរ៉េជួយជំរុញទំនាក់ទនងកម្ពុជា-កូរ៉េ ឱ្យដល់កម្រិតដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េជួយជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ពោលធ្វើយ៉ាងណាឱ្យទំនាក់ទំនង នៃប្រទេសទំាងពីរ បានឈានដល់ “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រួមទាំងវិនិយោគ និងពាណិជ្ជកម្ម។
សំណើនេះបានលើកឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េលោក គីម ជីន ព្យូ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។
សម្តេចមហារដ្ឋសភាធិការធិបតី បានស្នើដល់ភាគីរដ្ឋសភាកូរ៉េ បន្តគំាទ្រកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់នានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរ (កម្ពុជា-កូរ៉េ) បានធ្វើកន្លងមក ដូចជាការនាំចូលផលិតផលពីកម្ពុជា អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មកែច្នៃ និងបន្តជួយជំរុញនិងគាំទ្ររដ្ឋាភិបាលកូរ៉េ បន្តការគាំទ្រដល់ពលករ និងពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការ និងស្នាក់នៅក្នុងប្រទេសកូរ៉េ។
បន្ថែមពីនេះ សម្តេចមហារដ្ឋសភាធិការធិបតីក៏បានលើកជាសំណើដល់ប្រធានរដ្ឋសភាកូរ៉េ បង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធថែមទៀតនៅគ្រប់កម្រិត តាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា រហូតដល់កម្រិតមន្ត្រីជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែកព័ត៌មានវិទ្យា និងការស្រាវជ្រាវជាដើម។
ជាមួយគ្នានេះ លោក គីម ជីនព្យូ បានគូសបញ្ជាក់ថា រដ្ឋសភាសាធារណរដ្ឋកូរ៉េត្រៀមខ្លួនជានិច្ចនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពរវាងរដ្ឋសភានិងរដ្ឋាភិបាលប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង និងបានសន្យាថានឹងខិតខំជំរុញការផ្តល់ជំនួយនានាដល់កម្ពុជា នៅក្នុងនោះមាន ការបង្កើនកូតាពលករ បច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម។
គួរឱ្យដឹងដែរថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីនេះ ប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ បានចែករំលែកអំពីស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច និងរដ្ឋសភាពីគ្នាទៅវិញទៅមកផងដែរ៕