
ជាង២០ថ្ងៃបន្ទាប់ពីកាន់ការងារ រដ្ឋមន្ត្រីធនធានទឹកប្ដេជ្ញាដោះស្រាយបញ្ហាទឹកលិចរាជធានីភ្នំពេញឱ្យបាន
ភ្នំពេញ៖ រដ្ឋមន្ត្រីថ្មីនៃក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បញ្ជាទៅមន្ត្រីរបស់ខ្លួនឱ្យធ្វើយ៉ាងណាដោះស្រាយបញ្ហាជនលិចរាជធានីភ្នំពេញក្នុងរដូវវស្សាឱ្យបានក្នុងអាណត្កិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ ស៊ីណាត នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយប្រធានមន្ទីរធនធានទឹករាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ចាម និងខេត្តព្រៃវែង ស្តីពីការងាររំដោះទឹកជំនន់នៅតាមគ្រប់ប្រឡាយ ព្រែក អូរ ស្ទឹង ទន្លេ និងតាមគ្រប់ច្រកល្ហក នៅរដូវវស្សា។
ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាដៃគូអភិវឌ្ឍន៍ជាច្រើនទៀតដោយធានាយ៉ាងណាក្នុងការដោះស្រាយចំពោះមុខមិនឱ្យរាជធានីភ្នំពេញទទួលរងនូវគ្រោះហានិភ័យដោយសារទឹកជំនន់ក្នុងគ្រប់រដូវវស្សាក្នុងអាណត្តិទី៧។
ក្រសួងធនធានទឹកបានរៀបចំផែនការការងាររយៈពេលមធ្យម ដោយធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធរំដោះទឹកទាំងឡាយនៅរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យធូរស្រាលនូវជំនន់គ្រប់ប្រភេទ។
ជាមួយគ្នានេះ រដ្ឋលេខាធិការ លោក ចាន់ ស៊ីណាត ក៏បានចាត់ឱ្យមន្រ្តីជំនាញរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលសហការគ្នាធ្វើការបើកមុខទឹកទាំងអស់ចាប់ពីតំបន់ផ្នែកខាងលើកំពង់ទួលទឹកថ្លាទៅទល់នឹងតំបន់រលាំងជ្រៃទាំងសងខាងដោយកាត់បន្ថយបរិមាណទឹកក្នុងធាចំនួន ១៣០០ម៉ែត្រគូបក្នុងវិនាទី ដើម្បីកុំឱ្យមកកៀកនឹងរាជធានីភ្នំពេញ ចូលដល់តំបន់ X1 ជន់លិចតំបន់ព្រលានយន្តហោះថ្មី និងជន់លិចផ្លូវក្រវាត់ក្រុងទី៣។
ក្រសួងធនធានទឹក និងឧតុនិយម នឹងត្រូវចាត់ឱ្យដំណើរការឡើងវិញលើប្រព័ន្ធប្រឡាយ៩២ ប្រព័ន្ធប្រឡាយ៩៤ ប្រព័ន្ធប្រឡាយ៩៦ ប្រព័ន្ធប្រឡាយខ្សាច់ដែលត្រូវជួយរំដោះទឹកឱ្យបានលឿនបំផុតចេញពីបណ្តាតំបន់ទាំងអស់ដែលនៅកៀកនឹងរាជធានីភ្នំពេញ៕