
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំដល់រដ្ឋបាលខេត្ត-ក្រុង-ស្រុក បន្តពង្រឹងលើកិច្ចការងារផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អ
បន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បានណែនាំដល់រដ្ឋបាលខេត្ត ក្រុង-ស្រុក បន្តពង្រឹងលើកិច្ចការងារផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ សំដៅធ្វើយ៉ាងណាក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា។ ជាពិសេសមិនត្រូវទាមទារសេវាក្រៅផ្លូវការខុសពីគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃឡេីយ។
លោកថ្លែងបែបនេះនៅក្នុងឱកាសប្រកាសតែងតាំងលោក កែ សួនសុភាព ជាអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក គឹង វណ្ណៈ ដែលត្រូវដល់អាណត្តិ ទទួលផ្ទេរភារកិច្ចនៅទីស្តីការក្រសួងមហាផ្ទៃ ធ្វេីឡេីងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។
ទន្ទឹមជាមួយគ្នានោះរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានណែនាំដល់គ្រប់កងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធ អនុវត្តជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សំដៅធ្វើយ៉ាងណាចូលរួមផ្សព្វផ្សាយ ឱ្យបានផុសផុល អនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បង្ក្រាបរាល់ករណីជួញដូរគ្រឿងញៀន និងប្រេីប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋានកុំឱ្យកេីតមាននៅតាមបន្ទាត់ព្រំដែន សំដៅធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់ រាល់ការនាំចេញ-នាំចូលទំនិញនៅតាមបណ្ដោយព្រំដែន ដេីម្បីទប់ស្កាត់ការចរាចរណ៍រត់ពន្ធគ្រឿងញៀនតាមបន្ទាត់ព្រំដែនចូលមកប្រទេសកម្ពុជា។ មួយវិញទៀតបង្ក្រាបនូវករណីក្មេងទំនើង លកបែងស៊ីសង ដែលតែងតែបង្កអសន្ដិសុខនៅក្នុងសង្គម៕