ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ជប៉ុនផ្តល់ជំនួយរថយន្ត-ម៉ូតូ សរុប៦០គ្រឿង និង គ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ដល់អាជ្ញាធរមីនកម្ពុជា

ភ្នំពេញ៖ ជប៉ុនផ្ដល់ជំនួយឥតសំណងដល់អាជ្ញាធរមីនកម្ពុជានូវរថយន្ត-ម៉ូតូ សរុប៦០គ្រឿង និង គ្រឿងបរិក្ខារ សម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងដើម្បីរួមចំណែកដល់ការសម្រេចបាននូវគោលដៅ «គ្មានមីននៅឆ្នាំ២០២៥»។

ប្រធានអាជ្ញាធរមីន លោក លី ធុជ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជំនួយពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្រោម “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម” សម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលសម្ភារទាំងនេះប្រគល់ជូនដោយ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន ។

ជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ប្រគល់ជូនដល់អាជ្ញាធរមីន រួមមាន រថយន្ត(Pickup) ២៣គ្រឿង, ម៉ូតូ ៣៧ គ្រឿង, ឧបករណ៍ GPS ៥៤គ្រឿង, ឧបករណ៍ការពារសុវត្ថិភាព ៣០ឈុត, ម៉ាស៊ីនរាវមីន ៣០គ្រឿង, កុំព្យូទ័រយួរដៃ ៧៥គ្រឿង, គ្រឿងបន្លាស់រថយន្ត ២៣គ្រឿង និងគ្រឿងបន្លាស់ម៉ូតូ ៣៧គ្រឿង។

ក្នុងឱកាសនោះ លោក លី ធុជ បានលើកឡើងឱ្យដឹងថា ពាក់ព័ន្ធនឹងការងារសកម្មភាពមីនមនុស្សធម៌ ប្រទេសជប៉ុន បានចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ គិតជាទឹកប្រាក់ជាង ២០០ លានដុល្លារអាមេរិក ដោយលោកបានចាត់ទុកថា ប្រទេសជប៉ុនគឺជាដៃគូយូរអង្វែង និងរឹងមាំមួយក្នុងការសម្រេចបាននូវសមិទ្ធិផលសកម្មភាពមីនរយៈពេលជាង៣០ឆ្នាំនេះ។

លោកបានឱ្យដឹងបន្ថែមថា វិភាគទានរបស់ជប៉ុនជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករដោះមីន និងអ្នកពាក់ព័ន្ធដទៃទៀត គឹជាការធានាបាននូវដីប្រកបសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត។

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបាននៃការងារបោសសម្អាតមីននៅកម្ពុជា ដោយទទួលបានផ្ទៃដីធំជាងគេក្រោយបញ្ចប់សង្រ្គាម។

លោក UENO Atsushi បានឱ្យដឹងថាការសម្រេចបានរបស់កម្ពុជាក៏មានការរួមចំណែកពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ហើយជប៉ុនសង្ឃឹមថា គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ នឹងត្រូវរំដោះចេញពីទឹកដីកម្ពុជា ហើយប្រជាជនកម្ពុជានឹងទទួលបាននូវសុវត្ថិភាព។

គួរឱ្យដឹងដែរថា ក្រៅពីជួយដល់ការងារបោសសម្អាតមីននៅកម្ពុជា ជប៉ុនក៏បានចូលរួមជួយដល់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះថ្មីៗនេះ បានចូលរួមដល់ការបណ្តុះបណ្តាលអ្នកជំនាញការមកពីប្រទេសអ៊ុយក្រែនផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក