ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ បានឯកភាពគ្នាក្នុងការនាំចូលអង្ករពីកម្ពុជាសម្រាប់ផ្គត់ផ្គង់ដល់ប្រទេសឥណ្ឌូណេស៊ីដើម្បីធានាសន្តិសុខស្បៀង។ ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមាន Jakarta Merdeka។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកប្រទេសឥណ្ឌូណេស៊ី ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននិយាយថា៖ «ខ្ញុំសូមកោតសរសើរចំពោះការស្វាគមន៍របស់កម្ពុជាទាក់ទងនឹងការចង់បានរបស់ឥណ្ឌូណេស៊ីក្នុងការនាំចូលអង្ករពីកម្ពុជាប្រមាណ ២៥០ ០០០តោនក្នុងមួយឆ្នាំ»។
លោក ចូកូ វីដូដូ បានគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីក៏មានឆន្ទៈក្នុងការជួយដល់ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខស្បៀងរបស់កម្ពុជាតាមរយៈការផ្តល់ជី និងការបណ្តុះបណ្តាលក្នុងវិស័យដីកសិកម្ម។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ឱ្យដឹងថាប្រទេសភាគីទាំងពីរបានឯកភាពឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោនក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព ៤ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០២៤ តទៅ៕