ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចម្លាក់លិបធ្វើពីភក់មួយផ្ទាំងកសាងឡើងនៅសតវត្សរ៍ទី១២ ត្រូវបានបារាំងប្រគល់ជូនកម្ពុជា

បារំាង៖ ចម្លាក់លិបមួយផ្ទាំងដែលធ្វើពីភក់កសាងឡើងនៅសតវត្សរ៍ទី១២ ឬទី១៣ ដែលត្រូវបានភ្នាក់ងារគយបារំាងរឹបអូសបាន ហើយបានប្រគល់ឱ្យមកកម្ពុជាវិញកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសបារាំង។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក កេត សោផាន់ បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងលីយ៉ុង ដើម្បីទទួលយកចម្លាក់លិបមួយផ្ទាំងនោះ ដោយពិធីប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌នេះត្រូវបានធ្វើឡើងនៅនាយកដ្ឋានគយអន្តរតំបន់ និង សិទ្ធិប្រយោលនៃទីក្រុងលីយ៉ុង ក្រោមអធិបតីភាពរបស់លោក Eric MEUNIER នាយកគយអន្តរតំបន់ Auvergne-Rhône-Alpes និងលោកស្រី Juliette BOSSART-TRIGNAT ប្រតិភូខេត្តលីយ៉ុង ទទួល បន្ទុកកិច្ចការការពារ និងសន្តិសុខតំបន់។

ចម្លាក់លិបនេះធ្វើពីថ្មភក់ មានប្រាំបំណែក កសាងឡើងនៅសតវត្សរ៍ទី១២ ឬទី១៣ និងមាន ទម្ងន់ប្រហែល ៣០០គីឡូក្រាម អាចមានប្រភពមកពីប្រាសាទព្រះខ័នកំពង់ស្វាយ ឬពីប្រាសាទបន្ទាយឆ្មារ។

ចម្លាក់នេះត្រូវបានគេលួចកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងត្រូវបានរឹបអូសនៅក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណមួយកន្លែង នៅទីក្រុង លីយ៉ុង កាលពីខែកុម្ភៈ ឆ្នាំ២០២០។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងតាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានអរគុណដល់អាជ្ញាធរបារាំង ខណៈ ការប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌ នេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបារាំង។

លោក កេត សោផាន់ បានគូសបញ្ជាក់ថា ការប្រគល់ចម្លាក់នេះដែលតំណាងឱ្យផ្នែកមួយនៃប្រវត្តិសាស្ត្រ និងជាបំណែក នៃដួងព្រលឹងអាណាចក្រខ្មែរក៏នឹងអនុញ្ញាតឱ្យមានការរួមផ្ដុំឡើងវិញនៃដួងព្រលឹងជាតិ និង អត្តសញ្ញាណខ្មែរផងដែរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការហាមប្រាមការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយ លក់វត្ថុសិល្បៈ តាមប្រព័ន្ធបណ្ដាញសង្គម។ ករណីដែលអាជីវករ ឬអ្នកលក់អនឡាញណា ដែលមិនបញ្ឈប់នូវទង្វើមិនស្របច្បាប់នេះ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចាំបាច់តាមច្បាប់ជាធរមាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក