ឥណ្ឌូណេស៊ី៖ នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានកោតសរសើរដល់សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំដ៏កំពូលរបស់ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងបែបនេះក្នុងឱកាសដែលលោកទទួលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ីនារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាននិយាយប្រាប់នាយករដ្ឋមន្ត្រីកម្ពុជាថា លោកចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជាមិត្តភ័ក្តិដ៏ល្អ ហើយចាត់ទុកសម្តេចតេជោជាមេដឹកនាំដ៏កំពូលរបស់ប្រទេសកម្ពុជា។
លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម មានជំនឿថា ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត ក្រោមដឹកនាំរបស់ សម្ដេចមហាបវរធិបតី។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរបានអនុវត្ដកម្លងមក ជាពិសេសចំពោះកិច្ចសម្របសម្រួលដែលប្រទេសម៉ាឡេស៊ីបានផ្ដល់ជូនដល់ពលករកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុងប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា បន្ថែមអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងទិដ្ឋភាពនយោបាយ ពាណិជ្ជកម្មការវិនិយោគការអប់រំសន្តិសុខថាមពល ការងារនិង ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ចំពោះវិស័យសន្តិសុខថាមពល សម្តេចមហាបវរធិបតី បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រពីប្រទេសឡាវ កាត់តាមប្រទេសថៃ និង ឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។
លើសពីនេះប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime) បង្កើនបន្ថែមទៀត នូវការធ្វើពាណិជ្ជកម្ម និង លើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ី នៅកម្ពុជា ។
ជាចុងបញ្ចប់សម្តេចមហាបវរធិបតី ក៏បានសម្តែងនូវអំណរគុណ ចំពោះរាជរដ្ឋាភិបាល ម៉ាឡេស៊ី ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា សម្រាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និងសមាជិកគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ៕