ហ្សាការតា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តប្រពៃណីនៃមេដឹកនាំឥណ្ឌូចិន កម្ពុជា វៀតណាម ឡាវ ក្នុងការជួបទទួលទានអាហារពេលព្រឹកជាមួយគ្នា ដូចដែលថ្នាក់ដឹកនាំប្រទេសទាំងបីតែងអនុវត្តកន្លងមក។ តែពេលនេះអ្វីដែលថ្មីគឺជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។
ជំនួបទទួលទានអាហារដែលជាប្រពៃណីនៃប្រទេសទាំង៣មុនកិច្ចប្រជុំធំៗនេះធ្វើឡើងនៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ (Pham Minh Chính) និងនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone)។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានពិភាក្សា និងបានឯកភាពជាគោលការណ៍ ១. បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និង ពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី ទី២. បន្តដោះស្រាយជាមួយគ្នា និង ជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហាដែលនៅសេសសល់ទាំងឡាយ ទី៣. បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេល ឆាប់ៗខាងមុខ ទី៤. បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច សន្តិសុខ ការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន វប្បធម៌ និង ប្រពៃណី និងទី៥. ជំរុញបន្ថែមនូវទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ ខ្សែច្រវាក់ផ្គត់ផ្គង់ និងទេសចរណ៍។
នៅក្នុងជំនួបនេះផងដែរនាយករដ្ឋមន្ត្រីវៀតណាម បានផ្ដាំផ្ញើការសួរសុខទុក្ខ និង ក្តីនឹករលឹកជូនចំពោះ សម្ដេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានបង្ហាញបំណងចង់ជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេចតេជោ នៅក្នុងពេលណាមួយខាងមុខ។ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ នាឆ្នាំ២០២៤ ខាងមុខផងដែរ៕