ក្រុងព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា មានជនរងគ្រោះជាភ្ញៀវទេសចរណ៍ជនជាតិបរទេស ដែលមានចំនួនសរុប ៨នាក់ បានជួបគ្រោះថ្នាក់លិចទូក នៅចំណុចក្បែរកោះត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ត្រូវបានជួយសង្គ្រោះបានហើយ មិនមានអ្នកប៉ះពាល់ដល់អាយុជីវិតនោះទេ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចចម្រុះនាំយកមដល់ដីគោកដោយសុវត្ថិភាព។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យថា ពួកគេទាំង ៨នាក់ ជាភ្ញៀវទេសចរណ៍ជនជាតិអុឺរ៉ុបមានគ្នាសរុបចំនួន ៨នាក់ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ពួកគេបានជួលទូកឈើមួយគ្រឿងជិះទេសចរណ៍ស្ទួចត្រី តាមបណ្តាកោះជា ដើម លុះមកដល់ល្ងាចថ្ងៃដដែលពួកគេក៏បានធ្វើដំណើរត្រឡប់មកវិញដល់ត្រង់ចំណុចខាងមុខកោះត្រេះ ស្រាប់តែម៉ាសុិនទូកបានខូចធ្វើឲ្យពួកគេមុខលែងរួច ។
ស្របពេលនោះ អាកាសធាតុមិនណោយផលផង និងដូចអ្វីដែលក្រសួងធនធានទឹកនិងឧតុនិយមព្យាករណ៍រួចជាស្រេច គឺមានភ្លៀងលាយឡំជាមួយខ្យល់កន្ក្រាក់ខ្លាំងនៅតំបន់សមុទ្រ ក៏បានបោកបករលកបានវាយបំបាក់ទូកនោះធ្វើឲ្យលិចចូលទៅក្នុងសមុទ្រតែម្តង។ ភ្លាមៗនោះពួកគេក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ច និងអ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនចំនួន ២គ្រឿង ចេញទៅជួយសង្គ្រោះភ្ញៀវទេសចរណ៍ជាជនជាតិបរទេសនោះភ្លាមៗទាន់ពេលវេលា និងពុំមាននណាម្នាក់បាត់បង់ជីវិតនោះទេ៕