ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យអង្គភាពពាក់ព័ន្ធបន្តពិនិត្យ និងពិចារណាលើតម្លៃការធ្វើលិខិតឆ្លងដែន ខណៈកម្ពុជាហាក់មានតម្លៃខ្ពស់ បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន។
លោក ស សុខា បានលើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
លោកបានណែនាំឱ្យបន្ដពិនិត្យឡើងវិញនូវតម្លៃនៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យប្រទេសក្នុងតំបន់អាស៊ាន ដូចជា ភូមា វៀតណាម ដែលមានតម្លៃមួយទាប ប្រទេសថៃ និងសិង្ហបុរីជាដើម ដែលមានតម្លៃមធ្យម ខណៈកម្ពុជាតម្លៃហាក់ខ្ពស់មិនក្រោម ១០០ដុល្លារនោះទេ ដោយស្នើឲ្យអង្គភាពពាក់ព័ន្ធពិនិត្យពិចារណា។
លោកថ្លែងថា៖ «ជារួមសូមឱ្យពិនិត្យលើបញ្ហានេះហើយសូមឱ្យលើកយោបល់ក្នុងការសម្រេចធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ កុំឱ្យមួយអាណត្តិទៅមួយអាណត្តិលិខិតឆ្លងដែនមានការឡើងថ្លៃរហូត ហើយយើងដឹងហើយថាការបោះពុម្ពឬការផលិតនៃលិខិតឆ្លងដែននេះមិនដល់ប៉ុណ្ណឹងពេកទេ»។
គួរដឹងដែរថា បច្ចុប្បន្នសេវាក្នុងការធ្វើលិខិតឆ្លងដែនមានតម្លៃ ១១៥ដុល្លារ ដោយប្រើប្រាស់ពេល១ខែ ក្នុងនោះក៏មានតម្លៃផ្សេងទៀត ទៅតាមប្រភេទ និងតម្រូវការរបស់ប្រជាពលរដ្ឋ ដោយលិខិតឆ្លងដែនទាំងអស់មានសុពលភាព ១០ឆ្នាំ នៃការប្រើប្រាស់៕