ភ្នំពេញ៖ លោក ឌិត មុន្ទី និងលោក ហោ ណាំហុង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលទ្រង់ឡាយព្រះហស្តនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។
ព្រះរាជក្រឹត្យនេះត្រូវបានប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យដឹងនៅក្នុងឆាណែលតេឡេក្រាមនារសៀលថ្ងៃចន្ទទី០៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងព្រះរាជក្រឹត្យបានបញ្ជាក់អំពីមូលហេតុដែលព្រះមហាក្សត្រទ្រង់សម្រេចព្រះទ័យត្រាស់បង្គាប់ លោក ឌិត មុន្ទី ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ក៏ព្រោះតែព្រះមហាក្សត្រទ្រង់យល់ថា លោក ឌិត មុន្នី បានចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។
ជាមួយគ្នានេះ លោក ឌិត មុន្ទី បានចូលរួមកសាងប្រព័ន្ធច្បាប់ និងធ្វើឱ្យមានការរីកចម្រើនជាលំដាប់លើវិស័យច្បាប់ សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមល្អប្រសើរ ព្រមទាំងរក្សាបាន នូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ។
ចំណែកលោក ហោ ណាំហុង ក៏បានចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចូលរួមលើកកម្ពស់វិស័យការទូត ព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ល្អប្រសើរ សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាព ជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខ សង្គមល្អប្រសើរ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ។
លើសពីនេះ ព្រះមហាក្សត្រទ្រង់យល់ថា លោក ហោ ណាំហុង មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា៕