ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញថ្មីលោកឧត្តមសេនីយ៍ទោ ជូន ណារិន្ទ បានណែនាំដល់មន្ត្រីនគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍ទាំងអស់បញ្ឈប់នូវសកម្មភាពពួនចាប់ស្ទាក់ចាប់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ត្រូវមានកាយវិការ ពាក្យសំដីទន់ភ្លន់ និងមិនត្រូវប្រើអំពើហិង្សាលើពលរដ្ឋនោះទេ។
ការលើកឡើងនេះធ្វើឡើងក្នុងពេលលោក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំជាមួយផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។
កន្លងទៅពលរដ្ឋតែងថតបានសកម្មភាពមន្ត្រីចរាចរណ៍នៅរាជធានីភ្នំពេញមួយចំនួនតែងពួនចាំស្ទាក់ចាប់ម៉ូតូ ឡានពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍យកទៅផុសចែកចាយតាមបណ្ដាញសង្គមនិងទទួលបានការរិះគន់ពីពលរដ្ឋខ្លះដែរ ខណៈអ្នកខ្លះបានដាក់ឈ្មោះអ្នកដែលពួនទាំងនោះថា «នាងពួន» ថែមទៀត បន្ថែមលើនេះក៏មានការរិះគន់ពីការប្រើប្រាស់ពាក្យសំដីរបស់កម្លាំងនគរបាលចរចរណ៍ផងដែរដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្លាំងសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញជាខ្លាំង៕