ភ្នំពេញ៖ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក លីវ ជានឆាវ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តអនុវត្តការទូតមេត្រីភាពចំពោះចិនក្នុងរដ្ឋាភិបាលនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយថានេះគឺជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលប្រទេសទាំងពីរជាមិត្តភ័ក្តិដ៏ស្មោះត្រង់ និង ជាបងប្អូនបង្កើត ដែល រួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក។
ថ្លែងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្ដិភាពកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោក លីវ ជានឆាវ បានអរគុណចំពោះការបន្តការអនុវត្តនូវការទូតមេត្រីភាពចិន ដោយមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការ អភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ដែលជាអ្នកនយោបាយវ័យក្មេង, ពោរពេញទៅដោយសមត្ថភាព, ចក្ខុវិស័យវែងឆ្ងាយ និង មានមនសិការនយោបាយដ៏គួរឱ្យគោរព។
លោកបានសម្តែងនូវការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអ្នកយុទ្ធសាស្រ្ត អ្នកបដិវត្ត អ្នកដឹកនាំ និងយោធាដ៏ពិតប្រាកដ និងត្រូវបានចាត់ទុកជាគ្រូបង្រៀនវិស័យនយោបាយដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំចិន។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមផងដែរថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ការផ្តល់ជំនួយទាន់ពេលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់កម្ពុជា។ សម្ដចបន្ថែមថា គណបក្សប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ ហើយសម្ដេចមហាបវរធិបតី ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត មានដូចជាការបណ្តុះបណ្តាលយុវជន, គម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការដ៏ទៃទៀត ដែលគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) នាពេលខាងមុខនេះ ជាសក្ខីភាពស្រាប់ ។
ជាទីបញ្ចប់ សម្ដេចមហាបវរធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះជំនួបនេះនិងបានជូនពរលោក លីវ ជានឆាវ ឱ្យទទួលបានជោគជ័យជាផ្លែផ្កានៅក្នុងដំណើរទស្សនកិច្ចនេះ និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕