ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៣ លោក ចូកូ វីដូដូ បានអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។
ក្នុងលិខិតចុះថ្ងៃទី៣១ ខែសីហា ក្នុងនាមរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ សូមចូលរួមអបអរសាទរចំពោះការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងឥណ្ឌូនេស៊ី និងកម្ពុជានឹងកាន់តែរឹងមាំថែមទៀត។
លោកក៏បានអញ្ជើញលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាកាតា នៅថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ហើយក៏នឹងអញ្ជើញចូលរួមនៅក្នុងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក នៅទីក្រុងហ្សាកាតា ពីថ្ងៃទី ៥-៦ ខែកញ្ញា ឆ្នាំ២០២៣ ផងដែរ៕