គូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីលោក អាន់វ៉ា អ៉ីប្រាហ៉ីម បានចូលរួមអបអរសាទរចំពោះការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីទី៣៣ នៅប្រទេសកម្ពុជា។ ជាមួយនឹងការអបអរសាទរលោកក៏ទន្ទឹងរង់ចាំធ្វើការងារជាមួយនឹងលោក ហ៊ុន ម៉ាណែត ដើម្បីកសាងទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរកាន់តែរឹងមាំផងដែរ។
ក្នុងលិខិតចុះថ្ងៃទី២៨ ខែសីហា លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានលើកឡើងថា៖ «ដោយសារប្រទេសម៉ាឡេស៊ី និងកម្ពុជាចែករំលែកនូវប្រវត្តិមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងមួយ ខ្ញុំនៅតែមានទំនុកចិត្តថាទំនាក់ទំនងរបស់យើងនឹងបន្តរីកចម្រើន និងពង្រឹងសម្រាប់ឆ្នាំទៅមុខទៀត។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នក ហើយមានបំណងចង់អញ្ជើញឯកឧត្តម ដើម្បីធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីក្នុងកាលបរិច្ឆេទដ៏ងាយស្រួល»។
លោកក៏បានបង្ហាញនូវជំនឿថា ក្រោមការដឹកនាំដ៏មានលទ្ធភាពរបស់លោក ហ៊ុន ម៉ាណែត កម្ពុជានឹងសម្រេចបាននូវវិបុលភាព និងវឌ្ឍនភាពកាន់តែច្រើនថែមទៀត៕