ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយទោសមកត្រឹម ១ឆ្នាំ។
សម្តេចតេជោបានសរសេរសារអបអរសាទរលោក ថាក់ ស៊ីន ក្នុងតេឡេក្រាម ភ្ជាប់ជាមួយនឹងរូបថតជាមួយលោកថាក់ស៊ីន កាលលោកមកចូលរួមអបអរខួបកំណើតសម្តេចដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ បន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំវិញ។ សូមជូនពរឱ្យបងប្រុសជួបប្រទះតែភ័ព្វសំណាងល្អ ជានិច្ចនិរន្តរតរៀងទៅ»។
អតីតនាយរកដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយទោសឱ្យជាប់ពន្ធនាគារពី៨ឆ្នាំមកត្រឹម ១ឆ្នាំវិញ។ នេះបើតាមព័ត៌មានផ្សាយដោយ Reuters នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។
អតីតនាយករដ្ឋមន្ត្រីថៃដែលបច្ចុប្បន្នមានអាយុ ៧៤ឆ្នាំបានវិលត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីនិរទេសអស់រយៈពេល ១៥ឆ្នាំ។ គ្រាន់តែលោកមកដល់ប្រទេសថៃវិញ លោកត្រូវបានអាជ្ញាធរថៃនាំខ្លួនលោកទៅពន្ធនាគារក្រុងបាកកក់ ប៉ុន្តែដោយសារតែសុខភាពរបស់លោកមិនល្អក៏បាននាំលោកទៅមន្ទីរពេទ្យប៉ូលិសទាំងយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
គូសបញ្ជាក់ថា លោកថាក់ស៊ីន ត្រូវបានរកឃើញថាមានពិរុទ្ធក្នុងករណីពុករលួយចំនួន៤ និងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ៕