លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

អាកាសចរស៊ីវិល និងក្រុមហ៊ុន ALBANS ចុះកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនលើការផ្តល់សេវាសន្តិសុខអាកាសចរណ៍នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន ALBANS MANAGEMENT SA នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានចុះកិច្ចសន្យាក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពីការបង្កើតក្រុមហ៊ុនសន្តិសុខអាកាសចរណ៍ «Security Aviation Kampuchea Co., Ltd» ហៅកាត់ថា «សកម្ម» ដើម្បីផ្តល់សេវាសន្តិសុខអាកាសចរណ៍សម្រាប់អាកាសយានដ្ឋានអន្តរជាតិក្នុងកម្ពុជាស្របទៅតាមគោលការណ៍ឯកភាពរបស់រាជរដ្ឋាភិបាល និងក្របខណ្ឌច្បាប់នៃកម្ពុជា។

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានគោរពការដឹងគុណដល់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលបានផ្តល់ការគាំទ្រ និងឯកភាពលើគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជនសម្រាប់ផ្តល់សេវាសន្តិសុខអាកាសចរណ៍។

លោកបានលើកឡើងថា ការចូលរួមវិនិយោគពីវិស័យឯកជនគឺជាគោលដៅអាទិភាព និងជាដៃគូដ៏សំខាន់ក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់វិស័យអាកាសចរស៊ីវិល និងលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរឡើងឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា បន្ទាប់ពីចុះកិច្ចសន្យារួច ក្រុមហ៊ុន ALBANS នឹងទទួលសិទ្ធិផ្តាច់មុខលើការផ្តល់សេវាសន្តិសុខអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរសៀមរាបអង្គរ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ និងអាកាសយានដ្ឋានផ្សេងៗនៅថ្ងៃអនាគតទៀត។

បើតាមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រោយពីការចុះកិច្ចសន្យាក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ រាជរដ្ឋាភិបាលរំពឹងថា នឹងកាត់បន្ថយហានិភ័យពាក់ព័ន្ធដល់បញ្ហាសន្តិសុខអាកាសចរណ៍ បង្កើតការងារដោយផ្ទាល់ដល់ពលរដ្ឋចំនួន ១៤០០កន្លែង និងបង្កើតការងារដោយប្រយោលចំនួន ៦០០កន្លែងសម្រាប់ដំណាក់កាលដំបូង ទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ បង្កើនជើងហោះហើរ បង្កើនសកម្មភាពទេសចរណ៍ និងធុរកិច្ច។

លោកបានស្នើឱ្យគ្រប់ភាគី និងតួអង្គដែលពាក់ព័ន្ធនឹងការផ្តល់សេវាកម្មអាកាសចរណ៍ ជាពិសេសប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិទាំងអស់ ត្រូវសហការអនុវត្តកិច្ចការនេះ ជាមួយក្រុមហ៊ុនសកម្ម ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវការផ្តល់សេវាកម្មសន្តិសុខអាកាសចរណ៍ប្រព្រឹត្តទៅដោយភាពរលូន ទៅតាមគោលការណ៍ឯកភាពរបស់រាជរដ្ឋាភិបាល ដោយពុំមានការរាំងស្ទះណាមួយ។

រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យ អាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពចុះកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនលើផ្នែកផ្តល់សេវាសន្តិសុខអាកាសចរណ៍នេះហើយ ក្រុមហ៊ុន ALBANS នឹងទទួលសិទ្ធិផ្តាច់មុខក្នុងការផ្តល់សេវាសន្តិសុខរាល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ជំនួសឱ្យក្រុមហ៊ុនសន្តិសុខដែលមាននៅតាមអាកាសយានដ្ឋានអន្តរជាតិនាពេលបច្ចុប្បន្ននេះ។

លោកថ្លែងថា៖ «កាលណាយើងមានក្រុមហ៊ុនមួយប្រកបដោយស្តង់ដារ ប្រកបដោយគុណភាពខ្ពស់ យើងនឹងលើកមុខមាត់ប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេសកាលណាយើងមានក្រុមហ៊ុនដែលគុណមុត មានកម្រិតស្តង់ដារខ្ពស់ យើងអាចទាក់ទាញបន្ថែមនូវក្រុមហ៊ុនអាកាសចរធំៗដែលចង់ហោះហើរមកកម្ពុជា ជាពិសេសការដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក