កណ្ដាល៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា មន្ត្រីរាជការណាដែលត្រូវបានតួនាទីបន្ថែមជាទីប្រឹក្សាក្រសួងស្ថាប័ន និងមិនត្រូវបានផ្ដល់ងារឋានៈស្មើណាមួយទៀតនោះទេ ខណៈអ្នកដែលត្រូវបានផ្ដល់ហើយនឹងត្រូវទុកពេល ៦ខែដើម្បីឲ្យជ្រើសរើសថាចង់បានតួនាទីប្រឹក្សាឋានៈស្មើ ឬតួនាទីក្នុងស្ថាប័នការងារ។
ថ្លែងនៅក្នុងវេទិកាសាធារណៈជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត ថាការធ្វើបែបនេះគឺដើម្បីបញ្ជៀសនូវការលំបាកនូវការបែងចែកឋានៈដោយសារកាលពីមុនមានអភិបាលរងខណ្ឌមានឋានៈស្មើរដ្ឋមន្ត្រី។ លោកថាការធ្វើបែបនេះក៏បញ្ជៀសនូវការប្រកួតប្រជែងការចង់បាននូវតួនាទីជាទីប្រឹក្សាឋានៈស្មើផងដែរ។
លោកថានៅពេលនេះរដ្ឋាភិបាលកំពុងរៀបចំនូវច្បាប់មួយដើម្បីបែងចែកនូវតួនាទីទាំងនេះ។
បើតាមលោក ហ៊ុន ម៉ាណែត ក្រោយពីច្បាប់នេះចេញ រាល់ការផ្ដល់ងារជាទីប្រឹក្សាដែលមានឋានៈស្មើនឹងត្រូវផ្ដល់ជូនតែអ្នកដែលមិនមានតួនាទីក្នុងរាជការប៉ុណ្ណោះ ខណៈដែលអ្នកដែលមានតួនាទីត្រូវផ្ដល់ត្រឹមឋានៈជាទីប្រឹក្សា៕