កណ្ដាល៖ នាយករដ្ឋមន្ត្រីទី៣៣ របស់កម្ពុជាលោក ហ៊ុន ម៉ាណែត បានលើកឡើងថារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនមិនត្រូវការពេលរៀបចំគោលនយោបាយនោះទេ ព្រោះគោលនយោបាយទាំងនោះត្រូវបានរៀបចំតាក់តែងរួចហើយមុននឹងបង្កើតរដ្ឋាភិបាល។
ថ្លែងនៅក្នុងវេទិកាសាធារណៈជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែ តបានលើកឡើងថា បន្ទាប់ពីបង្កើតរដ្ឋាភិបាលភ្លាមគោលនយោបាយរបស់គណបក្សប្រជាជនដែលបានតាក់តែងរួចហើយបានដាក់ចេញជាបន្ទាន់ ដោយថាខុសពីប្រទេសមួយចំនួនដែលរដ្ឋាភិបាលថ្មីត្រូវការពេលរហូតទៅដល់ ៣ខែដើម្បីរៀបចំគោលនយោបាយ។
លោកបន្ថែមថាក្រោយពេលដែលបង្កើតរដ្ឋាភិបាលភ្លាម គឺលោកមានឱកាសក្នុងការបញ្ជ្រាបនៅគោលនយោបាយទាំងនេះទៅកាន់ប្រជាពលរដ្ឋភ្លាមដែរ។
គួរឲ្យដឹងផងដែរថា រដ្ឋាភិបាលអណត្តិថ្មី ដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយ បញ្ចកោណដែលផ្ដោតទៅលើទឹក ផ្លូវ ភ្លើង មនុស្ស និងបច្ចេកវិទ្យា៕