កណ្ដាល៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលនិងមិនខ្លាចចំណាយលុយដើម្បីការពារប្រយោជន៍ប្រជាពលរដ្ឋនោះទេ។ លោកថាអាយុជីវិតប្រជាពលរដ្ឋជាសំខាន់។
លោក ហ៊ុន ម៉ាណែត បានថ្លែងដោយលោកឧទាហរណ៍កាលពីកម្ពុជារងគ្រោះពីជំងឺកូវីដ-១៩ រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ បានសម្រេចដោយមិនស្ដាយនូវកញ្ចប់លុយដ៏ធំមួយដើម្បីទិញវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនដែលឥតគិតថ្លៃ។
លោកបន្តថាក្រោមការដឹកនាំរបស់លោកក៏នៅតែរក្សាប្រយោជន៍ពលរដ្ឋជាធំដូចគ្នា ដោយថាមានពលរដ្ឋទើបមានប្រទេស ទឹកដី និងការអភិវឌ្ឍ។
លោកថា៖ «អញ្ចឹងការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋគឺជាការសំខាន់»។
លោកថ្លែងបែបនេះ ក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣៕