BREAKING NEWS: នាយករដ្ឋមន្រ្តីកម្ពុជា សុំការយោគយល់ពីអំពីការប្រើប្រាស់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី៣
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសុំការយោគយល់ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងក្នុងរដ្ឋាភិបាលនិងស្ថាប័នដទៃទៀតនៅក្នុងប្រទេសឱ្យឈប់ស្នើសុំឱ្យមានការចាក់វ៉ាក់សាំង AstraZeneca។ ការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃច័ន្ទនេះបន្ទាប់ពីសម្តេចបានឃើញមានចលនាស្នើសុំជាច្រើនពីស្ថាប័នផ្សេងៗ ដែលស្នើសុំការអំពីការចាក់វ៉ាក់សាំងដូចជំរុញ ឬដូសទី៣។ សម្តេចតេជោបានមានប្រសាសន៍ថា «សុំអង្វរ សុំឱ្យរៀបចំខ្លួនទៅតាមការរៀបចំរបស់ក្រសួងសុខាភិបាល និងការរៀបចំដែលដឹកនាំដោយខ្ញុំផ្ទាល់នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រីដែលបានចាក់ AstraZeneca ២ដូសរួចមកហើយសូមរង់ចាំឱ្យមានការសិក្សា និងសុំរង់ចាំឲ្យ AstraZenec បានមកដល់លើកក្រោយ»។
សម្តេចនាយករដ្ឋមន្រ្តីបានបន្តទៀតថា កម្ពុជាមិនមានការផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca គ្រប់គ្រាន់ដើម្បីជំរុញអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញជាមួយស៊ីណូហ្វាមនិងស៊ីណូវ៉ាក់ទេ។ សម្តេចតេជោមានប្រសាសន៍ថា វ៉ាក់សាំងដែលជាការបរិច្ចាគរបស់ជប៉ុននិងចក្រភពអង់គ្លេស នឹងត្រូវផ្តល់ដល់កងទ័ព ក្រុមវេជ្ជបណ្ឌិតដែលបម្រើការជាបុគ្គលិកជួរមុខនៅតាមព្រំដែននិងបុគ្គលិកសុខាភិបាលផ្សេងទៀត។ សម្តេចក៏បានគិតបញ្ចូលទាំងអតីតយុទ្ធជននិងអត្តពលិកផងដែរដែលជាផ្នែកមួយនៃក្រុមអាទិភាពដែលគួរតែត្រូវបានផ្តល់ឱ្យ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “យើងមិនទាន់បានសិក្សាពីគម្លាតរវាងវ៉ាក់សាំងដូសទី១ ដូសទី២ និងដូសទី៣ ជាមួយនឹងវ៉ាក់សាំង AstraZeneca ទេ យើងបានសិក្សាតែចន្លោះពេលសំរាប់វ៉ាក់សាំង Sinovac និង Sinopharm។ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលខ្លួនឯងក៏មិនទាន់បានកំណត់អំពីការចាក់សម្រាប់ធ្វើជាដូសជំរុញផងដែរ” ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា ដោយគិតពីចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងត្រូវការវ៉ាក់សាំង AstraZeneca បន្ថែមទៀត។ ទោះបីជាយ៉ាងណា សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងប្រើគ្រប់មធ្យោបាយដើម្បីបានវ៉ាក់សាំងផ្តល់ជូនប្រជាពលរដ្ឋដែលត្រូវការបំផុតដើម្បីការពារខ្លួនពីវីរ៉ុស ជាពិសេសវីរ៉ុសឌែលតា៕
https://youtu.be/RvFM_Sauk5k