ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលផុតអាណត្តិ លោកស្រី Carmen Moreno បានលើកឡើងថាប្រទេសកម្ពុជាមិនមែនជាប្រទេសក្រីក្រទៀតទេទាំងធនធាន និងបទពិសោធន៍។ លោកស្រីបានកោតសរសើរនូវ «សន្តិភាព» ដែលកម្ពុជាសម្រេចបាន ដែលថានេះជាអំណាចទន់របស់កម្ពុជាដែលអាចឈានមុខគេក្នុងការចែករំលែកនូវបទពិសោធន៍ និងសមិទ្ធផលរបស់ខ្លួនលើឆាកតំបន់និងអន្តរជាតិ។
ថ្លែងក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នេះ លោកស្រី Carmen Moreno បានលើកឡើងថា កម្ពុជាគប្បីមានមហិច្ចតា និងគួរដើរតួនាទីឱ្យកាន់តែសកម្មនិងនាំមុខដើម្បីចែករំលែក បទពិសោធន៍និងសមិទ្ធផលទាំងអស់របស់ខ្លួនទៅលើឆាកតំបន់និងអន្តរជាតិ។
ក្នុងជំនួបនោះលោកស្រីបានវាយតម្លៃខ្ពស់លើដំណើរការរបស់សាលាក្ដីខ្មែរក្រហម ដែលប្រព្រឹត្តិទៅដោយជោគជ័យ ដោយបានលើកឡើងអំពីសារៈសំខាន់នៃការងារអប់រំ និងផ្សព្វផ្សាយសំណុំរឿង និងដំណើរការកាត់សេចក្ដីរបស់តុលាការឱ្យបានទូលំទូលាយដល់សាធារណជន និងយុវជនជំនាន់ក្រោយ ព្រមទាំងនៅថ្នាក់តំបន់និងអន្តរជាតិ ដែលជាសមិទ្ធផលនិងកេរដំណែលរបស់ជាតិ ហើយក៏ជាសមិទ្ធផលរួមរបស់មនុស្សជាតិទាំងមូលផងដែរ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានបញ្ជាក់ថា ពេលនេះរដ្ឋបាលសាលាក្ដីខ្មែរក្រហមកំពុង រៀបចំ និងកសាងបន្ទប់តាមស្ដង់ដារអន្តរជាតិសម្រាប់គ្រប់គ្រងនិងរក្សាបណ្ណសារសំណុំរឿង ដែលមានជិត ៤លានទំព័រ កសាងបណ្ណាល័យនិងបន្ទប់សវនាការត្រាប់ (Library and Mont Court) សម្រាប់បមើ ឱ្យការងារផ្សព្វផ្សាយ ស្រាវជ្រាវនិងបណ្ដុះបណ្ដាល។
ជាមួយគ្នានោះដែរលោក បានជម្រាបថា ថ្នាក់ដឹកនាំបន្តវេនគឺប្រកបដោយសមត្ថភាពខ្ពស់ ឈ្លាសវៃ និងជីវភាព (Dynanic) ហើយលើកឡើងផងដែរថា គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដោយបានយកចិត្តទុដាក់ខ្ពស់លើការងារអប់រំ និងផ្សព្វផ្សាយក្នុងស្មារតីឱ្យអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយទទួលបានព័ត៌មានពេញលេញលើ ប្រវត្តិសាស្ត្ររបស់ខ្លួនដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព ពង្រឹងដល់ការចងចាំ (Remembrance) និង ការមិនវិលត្រលប់ឡើងវិញ (Non-Recurrence) នៃរបបឃោរឃៅបែបនេះនៅក្នុងសង្គមជាតិនោះទេ៕