ទូតកម្ពុជានៅជប៉ុនស្នើពលករជំនាញខ្មែរកំពុងធ្វើការក្នុងប្រទេសជប៉ុនកុំជឿតាមការអូសទាញរបស់មេខ្យល់ទៅធ្វើការខុសច្បាប់
ជប៉ុន៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនស្នើសុំកម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងធ្វើការក្នុងប្រទេសជប៉ុនទាំងអស់ មេត្តាចូលរួមគោរពច្បាប់ឱ្យបានហ្មត់ចត់ ខិតខំធ្វើការ និងអភិវឌ្ឍសមត្ថភាពជំនាញ ជាពិសេសកុំជឿ តាមការអូសទាញរបស់មេខ្យល់ទៅធ្វើការខុសច្បាប់ ដែលនាំឱ្យបាត់បង់ប្រយោជន៍ការងាររបស់ខ្លួន។
សេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនចេញនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ក្រោយកន្លងទៅថ្មីៗនេះស្ថានទូតបានទទួលព័ត៌មានតាមរយៈអង្គភាពប៉ូលីសជប៉ុន និងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីករណី ប្រព្រឹត្តខុសច្បាប់របស់បងប្អូនខ្មែរមួយចំនួន មានដូចជា ចោរកម្ម អសុពលភាពនៃទិដ្ឋាការស្នាក់នៅ បើកបររថយន្តដោយគ្មានបណ្ណបើកបរ និងមានជាតិស្រវឹងនៅពេលបើកបរ ការរត់គេចចេញពីកន្លែងធ្វើការ ដែលខ្លួនបានចុះកុងត្រាជាមួយដោយសារការជឿតាមមេខ្យល់។
ស្ថានទូតលើកទឹកចិត្តដល់កម្មសិក្សា និងពលករជំនាញខ្មែរធ្វើការពិចារណាឱ្យបាន ហ្មត់ចត់មុននឹងចូលរួម ឬប្រព្រឹត្តិនូវអំពើខុសច្បាប់ ដែលនាំមកនូវការចាប់ខ្លួន ឃុំខ្លួន បាត់បង់ឱកាស ការងារ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួន និងកិត្តិយសប្រទេសជាតិ។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ក្នុងការបំពេញតួនាទី និងភារកិច្ចពេញលេញរបស់កម្មសិក្សា និងពលករជំនាញខ្មែរ ស្ថានទូតតែងផ្តល់សេវាគាំពារ និងទ្រទ្រង់ដល់ផលប្រយោជន៍ការងារគ្រប់គ្នាទាំងអស់នៅ ប្រទេសជប៉ុន ដោយមិនមានការរើសអើង ឬបែងចែកជាក្រុមបក្សពួកឡើយ ប៉ុន្តែស្ថានទូតមិនគាំទ ជាដាច់ខាតចំពោះរាល់សកម្មភាពទាំងឡាយណាដែលផ្ទុយនឹងច្បាប់។
ស្ថានឯកអគ្គរាជទូតគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់របស់អតីតកម្មសិក្សាការីខ្មែរកន្លងមក ក៏មានពាក្យចចាមអារ៉ាមថាមកពីពុំមានការដោះស្រាយបញ្ហាការងារពីសំណាក់ស្ថានទូត ខណៈស្ថានទូតតែងចាត់ទុកបញ្ហាការងារ និងការរស់នៅរបស់កម្មសិក្សាការី និងពលករជំនាញខ្មែរជា អាទិភាពចម្បង ដោយបានខិតខំសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕