ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាឲ្យលុបបំបាត់ការរត់ការតែងតាំងតួនាទី និងវប្បធម៌អន្តរាគមន៍ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាឲ្យបញ្ឈប់ និងលុបបំបាត់ជាបន្ទាន់ នូវវប្បធម៌អន្តរាគមន៍តែងតាំងតួនាទី និងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដើម្បីឲ្យការងារនេះប្រព្រឹត្តិទៅមានតម្លាភាព ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងមិនឲ្យកើតមានបញ្ហាអយុត្តិធម៌ក្នុងសង្គម។

លោក ស សុខា លើកឡើងបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែង នៃអគ្គនាយកដ្ឋានមួយចំនួនចំណុះឲ្យក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកបានឱ្យដឹងថា បញ្ហាអន្តរាគមន៍មានច្រើនទម្រង់ដែលកន្លងមកមានករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ហើយអ្នកអន្តរាគមន៍នោះក៏ត្រូវបានឃាត់ខ្លួន និងផ្ដន្ទាទោស ហើយបញ្ហាអន្តរាគមន៍មួយទៀត គឺការតែងតាំងតួនាទី ដែលបញ្ហានេះក៏ត្រួតពិនិត្យ និងត្រូវធ្វើឲ្យគ្រប់លក្ខណៈ ជាពិសេសទៀតនោះ ការអន្តរាគមន៍អាចមានផលប៉ះពាល់ដល់ប្រទេសជាតិ ដែលនេះជាចំណុចសំខាន់ ដែលក្រសួងមហាផ្ទៃនៅក្នុងអាណត្តិថ្មី ត្រូវធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់ខ្ពស់បំផុត។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះបានណែនាំឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវលុបបំបាត់ឲ្យបានក្នុងការនាំយកកងកម្លាំងទៅការពារដីឯកជនដែលមានជម្លោះ មិនមានផ្ដល់អត្ថប្រយោជន៍រួម ហើយបើមានត្រូវពិនិត្យក្នុងការដាក់ទោសទណ្ឌ ព្រោះមិនអាចយកកងកម្លាំង ទៅប្រើប្រាស់លើការងារបុគ្គលបានទេ។

ជាមួយគ្នានេះ លោក ស សុខា បានស្នើដល់គ្រប់ស្ថាប័នអង្គភាព ចំណុះឲ្យក្រសួងមហាផ្ទៃ ត្រូវកំណែទម្រងនូវចំណុចមួយចំនួនផងដែរ ដើម្បីឲ្យការផ្ដល់សេវាកាន់តែឆាប់រហ័ស ខណៈការងារខ្លះនៅមានភាពយឺតយ៉ាវ បង្កការរំខានដល់ប្រជាពលរដ្ឋអ្នកទទួលសេវា។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៃអគ្គនាយកដ្ឋានមួយចំនួន ចំណុះឲ្យក្រសួងមហាផ្ទៃនេះដែរ លោក ស សុខា បានក្រើនរំលឹកទៅដល់អគ្គនាយកនៃអគ្គនាយកដ្ឋាន ដែលទើបឡើងកាន់មុខតំណែងថ្មី បន្តខិតខំអភិវឌ្ឍន៍ស្ថាប័ន និងពង្រឹងសមត្ថភាពបុគ្គលិកឲ្យកាន់តែល្អប្រសើរ ក៏ដូចជាត្រូវសហការគ្នាឲ្យបានល្អ បម្រើប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសនៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក