សៀមរាប៖ អាជ្ញាធរជាតិអប្សរាលើកឡើងថាសត្វស្វានៅតំបន់អង្គរ តែងតែបង្កគ្រោះថ្នាក់ដល់ថ្មប្រាសាទ និងគំរាមកំហែងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាញឹកញាប់ ខណ:បច្ចុប្បន្នកន្លែងទេសចរដែលកំពុងសំបូរសត្វស្វារស់នៅ គឺប្រាសាទអង្គរវត្ត ច្រកចូលខ្លោងទ្វារ នៃប្រាសាទអង្គរធំ និងជុំវិញបរិវេណនៃប្រាសាទបាយ័ន។
ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារភ្នាក់ងារទេសចរបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូងអង្គរវត្ត។
ប្រធានក្រុមភ្ញៀវទេសចរណ៍ប្រចាំនៅប្រាសាទអង្គរវត្ត លោក ឡេក គឹមលីន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឱ្យដឹងថា បច្ចុប្បន្ននេះសត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេសនៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។
លោកបានបញ្ចាក់ថា កន្លងមកមានស្វាកាចៗមួយចំនួន ដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនឹងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរ។
ទន្ទឹមនោះ នាពេលបច្ចុប្បន្ននេះ ហ្វូងសត្វស្វាមួយចំនួនតែងបង្កការរំខាន ដោយពេលខ្លះបានខាំអ្នកទេសចរណ៍ដែលចូលមកទស្សនាប្រាសាទអង្គរវត្តនៅពេលដែលភ្ញៀវខ្លះ មានកាន់ឥវ៉ាន់ ចំណី ឬក៏ដបទឹកនៅក្នុងដៃ។ គ្រោះថ្នាក់មួយទៀតគឺនៅពេលដែលភ្ញៀវទេសចរឃើញសត្វស្វាហើយដើរទៅក្បែរ ដើម្បីថតរូប ឬក៏ប្រឡែងលេង ក៏ធ្វើឱ្យស្វាកាចហើយក៏អាចខាំដែរ។
ជាមួយគ្នានេះ សត្វស្វានៅតំបន់អង្គរវត្ត ក៏តែងតែធ្វើឱ្យខូចខាតដល់បរិក្ខាមួយចំនួនដូចជាស្លាកសញ្ញា និងផ្ទាំងព័ត៌មានផ្សេង នៅតាមបរិវេណអង្គរវត្ត នៅពេលដែលវាលោតឡើងទៅលើប្រាសាទធ្វើឱ្យរហែកឬក៏រលំដួលជាដើម ជាពិសេសវាធ្លាក់ថ្មប្រាសាទដែលពុកផុយផងដែរ។
លោក ឡេក គឹមលីន បានបន្ដថា បច្ចុប្បន្ននេះ សត្វស្វានៅតំបន់អង្គរ កំពុងមានការកើនឡើងយ៉ាងខ្លាំង ហើយស្វាទាំងនោះមានពីរប្រភេទ មានពពួកស្វាក្ដាម និងស្វាត្រោស ឬហៅថាស្វាប៉ាហ៊ី ដែលអ្នកភូមិយកទៅព្រលែងនៅតំបន់អង្គរ។
មន្ត្រីនៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅតាមប្រាសាទនៃរមណីយដ្ឋានអង្គរ បានសំណូមពរ ដល់ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទបុរាណ ហាមឱ្យចំណីស្វាពីព្រោះការធ្វើបែបនេះនឹងធ្វើឱ្យស្វាមានទម្លាប់ មិនចូលទៅព្រៃរកចំណីស៊ីដោយខ្លួនឯងនោះទេ និងស្នើកុំប្រឡែងលេងជាមួយស្វាទាំងនោះជៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានឡើង។
គួរឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២៣នេះ សត្វស្វាដែលខាំនៅតំបន់អង្គរមនុស្សមានចំនួន ២០ករណីមកហើយ៕