ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីថាក្នុងរយៈពេល៣ទស្សវត្សនេះប្រទេសចិនបានក្លាយជា «មិត្តដ៏ល្អរបស់កម្ពុជា»

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រីលោក វង្សី វិស្សុត បានលើកឡើងថាប្រទេសចិន គឺជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានចូលរួមជំរុញគាំទ្រ និងលើកកម្ពស់កិច្ចការគាំពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ ជាតិ ព្រមទាំងកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងការរួមបញ្ចូល តាមរយៈក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសក្នុងរយៈពេលជិត ៣ ទស្សវត្សរ៍ចុងក្រោយនេះ។

ថ្លែងក្នុងអធិបតីនៅក្នុងកម្មវីធីសម្តែងសិល្បៈ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ «ប្រទេសស្រស់ស្អាត-ខេត្តចម្រុះពណ៌» កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត មានប្រសាសន៍ថា ប្រទេសចិននិងកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនបន្ទាប់ពីប្រទេសទាំងពីរនេះបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០ និងបានឈានដល់បង្កើតបាន«ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីខ្សែក្រវាត់និងផ្លូវ» នៅឆ្នាំ២០១៧ ដើម្បីជំរុញការតភ្ជាប់ហេដ្ឋារចនា-សម្ព័ន្ធ-សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជាពិសេស ការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ និងបានចាប់ផ្តើមការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នៅឆ្នាំ២០១៩។

លោកថា៖ «ផ្អែកលើមូលដ្ឋានគ្រឹះចាក់ស្រេះដ៏រឹងម៉ាំនេះហើយ ទើបប្រទេសទាំងពីរ សម្រេចបង្កើតនូវ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» កាលពី ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីចាប់យក កាលានុវត្ដភាពអភិវឌ្ឍន៍ឱ្យអស់សក្តានុពល និងឱ្យកាន់តែធំធេង»។

កិច្ចសហប្រតិបត្តិការត្បូងពេជ្យមានវិស័យចំនួន ៦ រួមមាន (១)-កិច្ចសហប្រតិបត្តិការនយោបាយ, (២)-គុណភាព និងសមត្ថភាព ផលិតកម្ម (៣)-កសិកម្ម, (៤)-ថាមពល (៥)-សន្ដិសុខ និង (៦)-ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ព្រមទាំងបានឯកភាពគ្នាបង្កើតច្រករបៀងសេដ្ឋកិច្ចថ្មីចំនួន២ គឺ «ច្រករបៀងមច្ឆា និងអង្ករ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា»។

លោកបានបន្ថែមថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន» ដែលចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រួចហើយនោះ ក៏បានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដល់កំណើនចរន្តសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជាពិសេស ការគាំទ្រពីសំណាក់ប្រជាជនចិនលើ កសិផលកម្ពុជា ដូចជា អង្ករ ផ្លែស្វាយ ចេក និងមៀន និងផលិតផលកម្ពុជាដទៃទៀតនៅក្នុងទីផ្សារចិន ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្មនិងការនាំចេញរបស់កម្ពុជាដោយក្នុងនោះ គិតត្រឹមឆ្នាំ ២០២២, ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានជាង ១១ពាន់លានដុល្លារអាមេរិក ហើយគ្រោងពង្រីកឱ្យកើនដល់ ១៥ ពាន់លានដុល្លារអាមេរិកឬច្រើនជាងនេះនៅឆ្នាំ២០២៥ ។

ជាមួយគ្នានេះ ប្រទេសចិនក៏ជាប្រភពវិនិយោគដ៏សំខាន់របស់កម្ពុជាផងដែរ ក្នុងនោះ សម្រាប់ឆ្នាំ២០២២ ទំហំវិនិយោគចិន មានចំនួន ១,៥ពាន់លានដុល្លារអាមេរិក ហើយកម្ពុជារំពឹងថា ទំហំវិនិយោគនឹងកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលកម្ពុជា កំពុងតែយកចិត្តទុកដាក់ក្នុងការកែលម្អបរិយាកាសឱ្យកាន់ តែអំណោយផលដល់ការវិនិយោគពីបរទេស សំដៅជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើនការងារ ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យបានកាន់តែល្អប្រសើរ ។

ទន្ទឹមនេះលោក ក៏បានកត់សម្គាល់ អំពីការរីកចម្រើនឥតឈប់ឈរ នូវការផ្លាស់ប្តូរ ខាងវប្បធម៌ មនុស្សជាតិ រវាងប្រទេសទាំងពីរ តួយ៉ាង ទំនាក់ទំនងវប្បធម៌ដែលចាប់ផ្ដើមពីការមកទស្សនារបស់ ភ្ញៀវទេសចរ ចិន នៅ កម្ពុជា ក្នុងចំនួន រហូតដល់ ទៅជាង២លាននាក់ មុនវិបត្តិកូវីដ-១៩ ហើយកម្ពុជាសង្ឃឹមថានឹងអាចទទួលភ្ញៀវទេសចរចិន ២ លាននាក់ ឬច្រើនជាងនេះ ដូចមុនវិបត្តិជំងឺកូវីដ-១៩ ក្រោយពីការបង្កើនជើងហោះហើរត្រង់បន្ថែមទៀតរវាងប្រទេសទាំងពីរ។

ជាងនេះទៀត មិត្តចិន ក៏បានចូលរួមយ៉ាងពេញទំហឹងក្នុងការស្តារ និងអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា តាមរយៈការផ្តល់នូវគម្រោងជំនួយក្នុងការ ជួសជុលប្រាសាទចៅសាយទេវតា ការជួសជុលព្រះបរមរាជវាំងនៅអង្គរ គាំពារ និងជួសជុល ប្រាសាទព្រះវិហារ និង បេតិកភណ្ឌ វប្បធម៌ នានាជាច្រើនផ្សេងទៀត។ បន្ថែមលើនេះ ការចាត់បញ្ជូន ផ្លាស់ប្តូរ និស្សិត ឱ្យ បន្ត ការសិក្សា និងការបណ្តុះបណ្តាល ធនធានមនុស្ស រវាងប្រទេសទាំងពីរ ត្រូវបានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលមានការបណ្ដុះបណ្ដាលសិស្ស-និស្សិតកម្ពុជា ក៏មានការរីកចម្រើនឥតឈប់ឈរផងដែរ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន បានលើកឡើងថាចំណងទាក់ទងល្អរវាងកម្ពុជា និងមិត្តចិន លើគ្រប់វិស័យ ក្នុងនោះមានទាំងវិស័យវប្បធម៌ សង្គម-សេដ្ឋកិច្ច និងនយោបាយ គឺមានអាយុកាលដ៏យូរណាស់មកហើយ។ លោកបន្ថែមថាក្នុងសហសម័យនេះ ទំនាក់ទំនងមិត្តភាពដែកថែប ក៏ត្រូវបានចាក់គ្រឹះ និងកសាងឡើង ក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ហើយបន្ទាប់មកក៏ត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ជាបន្តបន្ទាប់បន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំកំពូលៗ របស់មិត្តចិនជាច្រើនជំនាន់មក រហូតទទួលបានវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ និងបានបង្កើត និងបង្កើនកាលានុវត្តភាព ព្រមទាំងផលប្រយោជន៍ផ្លែផ្កា ទៅវិញទៅមកជូនប្រជាជន នៃប្រទេសទំាងពីរបានយ៉ាងច្រើន។

លោករដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បានចាត់ទុកវេទិកានេះ ជាវេទិកាប្រវត្តិសាស្រ្តមួយ ដែលអាចនឹងពង្រឹងទំនាក់ទំនងក្នុងគ្រប់វិស័យរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងដំណាក់កាលនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ជាពិសេស ក្នុងការផ្លាស់ប្តូរនូវនិម្មាបនកម្មនយោបាយ និងសេដ្ឋកិច្ចសកល។ លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា មានិតចិន ជាពិសេស លោក វ៉ាង វិនធាន ដែលបានខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយឆ្នាំទៅមួយឆ្នាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក