ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានធ្វើការពិភគ្នារិះរកមធ្យោបាយនានាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យរក្សាសន្តិភាព គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌអន្តរជាតិ រួមទាំងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។
កិច្ចសន្ទនានេះធ្វើឡើងរវាងអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក អាន សុខខឿន និងឯកអគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថិរភាពនិងសន្តិភាពអន្តរជាតិ នៃក្រសួងការបរទេសជប៉ុនលោក Naofumi Hashimoto នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ក្នុងអំឡុងពេលនៃកិច្ចសន្ទនា ភាគីទាំងពីរបានចូលរួមពិភាក្សាស៊ីជម្រៅលើប្រធានបទសិទ្ធិមនុស្សជាច្រើន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការបោះឆ្នោត សេរីភាពជាមូលដ្ឋាន កំណែទម្រង់ប្រព័ន្ធតុលាការ កម្មវិធីជំនួយផ្នែកច្បាប់ និងការការពារសិទ្ធិនៃក្រុមងាយរងគ្រោះ។
ជាមួយគ្នានេះ ភាគីទាំងពីរបានរិះរកមធ្យោបាយនានាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យរក្សាសន្តិភាព គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌអន្តរជាតិ រួមទាំងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។
លោក អាន សុខខឿន បានគូសបញ្ជាក់ប្រាប់លោក Naofumi Hashimoto ថា ក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ ដំណើរនយោបាយរបស់កម្ពុជាបានផ្តល់ជាគំរូជោគជ័យដ៏ពិសេសមួយនៃប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាមក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាពស្ថិរភាព កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្លាស់ទីក្នុងសង្គមដោយសេរី។
លោកបន្តថា បានគូសបញ្ជាក់អំពីវឌ្ឍនភាពដ៏សំខាន់ដែលសម្រេចបាននៅក្នុងវិស័យសិទ្ធិមនុស្ស កំណែទម្រង់ច្បាប់ ការពង្រីកកម្មវិធីគាំពារសង្គមគ្រប់ជ្រុងជ្រោយ និងការរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាពនិងសន្តិសុខពិភពលោក តាមរយៈការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកបន្តថាអភិក្រមសិទ្ធិមនុស្ស គួរមានមូលដ្ឋានផ្អែកលើគោលការណ៍នៃការគោរព ការមិនធ្វើនយោបាយភាវូបនីយកម្ម ការមិនជ្រើសរើសតែមួយជ្រុង ការពឹងផ្អែកលើប្រភពព័ត៌មានដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ និងកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ ដោយពិចារណាទៅលើស្ថានភាពខុសគ្នានៃប្រទេសនីមួយៗ និងជៀសវាងនូវការប្រើប្រាស់ស្តង់ដារពីរ៕