ភ្នំពេញ៖ ក្មេងប្រុសម្នាក់អាយុ ៨ឆ្នាំ ត្រូវបានសង្គ្រោះបន្ទាន់នៅគន្ធបុប្ផាភ្នំពេញ បន្ទាប់ពីព្យាបាលជំងឺគ្រុនឈាម នៅឯគ្លីនិកឯកជនមួយក្នុងខេត្តត្បូងឃ្មុំ ដាក់សេរ៉ូមអស់ ៤លីត្រ តែមានសភាពជំងឺកាន់តែធ្ងន់ធ្ងរ។
តាមការឱ្យដឹងពីបណ្តាញសង្គម Dr. Beat Richner ថាក្មេងប្រុសម្នាក់នេះ អាយុ ៨ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម នៅឯគ្លីនិកឯកជនមួយ ក្នុងខេត្តត្បូងឃ្មុំ ដាក់សេរ៉ូមអស់៤លីត្រ ពេលជំងឺធ្ងន់ធ្ងរ ក៏ត្រូវបានឪពុកម្តាយយកមកសម្រាកព្យាបាលនៅដង្ហើមចុងក្រោយ និងត្រូវបានសង្គ្រោះបន្ទាន់នៅគន្ធបុប្ផាភ្នំពេញ គាត់មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរស្មុគស្មាញបំផុតដោយអស់ជីពចរ ៥ដង ក្នុងរយ:ពេល ៤៨ម៉ោង និងហូរឈាមក្នុងក្រពះពោះវៀន ព្រមទាំងហើមសួតទៀតផង។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្មេងប្រុសខាងលើត្រូវបានសង្គ្រោះជីវិត នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា ដោយប្រើឈាមប្លាស្មានិងប្លាកែត សរុបអស់ "៧ប្លោក" និងជំនួយម៉ាស៊ីនសប់ដង្ហើមទើបអាចមានជីវិតរស់ឡើងវិញ។
គួរឱ្យដឹងដែរថា រដូវភ្លៀងមិនទាន់បញ្ចប់ ដូចនេះហានិភ័យនៃការកើតជំងឺគ្រុនឈាមអាចកើតមានបានគ្រប់ពេល ខណៈ ជំងឺគ្រុនឈាមអាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរស្មុគស្មាញនិងអាចសម្លាប់កុមារបាន៕