ភ្នំពេញ៖ ក្នុងជំនួបជាមួយកម្មករ-កម្មការិនីចំនួន ១៨ ០០០នាក់នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដំបូងគេក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការបន្តដំឡើងប្រាក់ខែឈ្នួលអប្បបរមាដល់កម្មករនិយោជិតគឺជាគោលនយោបាយដែលរាជរដ្ឋាភិបាលបន្តអនុវត្ត។
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំទាញអ្នកវិនិយោគ និងការចរចាដំឡើងប្រាក់បៀវត្ស ដើម្បីបានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរំលឹកថា កាលឆ្នាំ១៩៩៧ កម្ពុជាមាន ៦៤រោងចក្រសហគ្រាសដែលមានកម្មករកម្មការិនីតែ៣ម៉ឺននាក់ប៉ុណ្ណោះ គឺមានការកើនឡើងបើធៀបនឹងឆ្នាំ២០២២ និង២០២៣ នេះមានចំនួន ១៧ ០០០រោងចក្រសហគ្រាស ក្នុងនោះមានរោងចក្រកាត់ដេរ១៣៣២រោងចក្រ ដែលមានកម្មករកម្មការិនីចំនួន ១លាន៥សែននាក់។
បច្ចុប្បន្ននេះ កម្មករនិយោជិតមានប្រាក់ខែគោលចំនួន ២០០ដុល្លារដោយមិនគិតពីអត្ថប្រយោជន៍ផ្សេងៗទៀត ខណៈឆ្នាំនេះរាជរដ្ឋាភិបាលកំពុងតែចរចាដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។ នាយករដ្ឋមន្ត្រីថ្លែងថា៖ «ហើយវាជានយោបាយរបស់រាជរដ្ឋាភិបាលដែលនៅតែបន្ត»។
នាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ប្រាក់ឈ្នួលរបស់កម្មករនិយោជិតកម្ពុជា បើធៀបនឹងប្រាក់ឈ្នួលរបស់កម្មករប្រទេសជិតខាង គឺប្រទេសវៀតណាមមានប្រាក់ខែគោលធំបន្តិច ១៩៨ដុល្លារ បង់ក្លាដែសមានប្រាក់ខែ ៧៥ដុល្លារ ហើយប្រទេសស្រីលង្កាមានប្រាក់ខែ ៣៩ដុល្លារក្នុងមួយខែ។
កម្មករនិយោជិតក្រៅពីទទួលបានប្រាក់ខែគោល កម្មករកម្មការនីក៏ទទួលបានអត្ថប្រយោជន៍មួយចំនួនទៀត សម្រាប់ស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះ រហូតដល់ថ្ងៃកើតកូន ដោយមិនអស់ថវិកា ព្រមទាំងបានថវិកាពីរាជរដ្ឋាភិបាលបន្ថែមទៀត។ បន្ថែមពីនោះកម្មករនិយោជិតក៏ទទួលបានការបញ្ចុះតម្លៃថ្លៃទឹក ថ្លៃភ្លើង និងថ្លៃធ្វើដំណើរ ជាពិសេសនៅថ្ងៃចូលឆ្នាំ និងបុណ្យភ្ជុំ កម្មករជិះរថយន្តក្រុងដោយមិនគិតថ្លៃ៕