
រដ្ឋមន្ត្រីបរិស្ថានលើកទឹកចិត្តឱ្យក្រុមហ៊ុនកែច្នៃឬស្សី ដោយប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បជួយសហគមន៍អព្យាក្រឹត្យកាបូន
កំពង់ស្ពឺ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានគាំទ្រដល់ក្រុមហ៊ុន LEOPA BAMBOO Co., LTD ឲ្យបង្កើតសិប្បកម្មកែច្នៃឬស្សី សម្រាប់នាំចេញ និងកែច្នៃកំទេចឬស្សី ធ្វើជាធ្យូងដុត និងដែលបម្រើឲ្យវិស័យកសិកម្ម។
លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងឱកាសធ្វើទស្សនកិច្ច គម្រោងកែច្នៃឬស្សី របស់ក្រុមហ៊ុន LEOPA BAMBOO នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិចំបក់ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ។
រដ្ឋមន្រ្តីបរិស្ថានបានចាត់ទុកថា ការចូលរួមរបស់ក្រុមហ៊ុន នឹងចូលរួមចំណែកជំរុញឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ទទួលបានចំណូលបន្ថែម តាមរយៈការដាំឬស្សី ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន ហើយការដាំឬស្សី នឹងក្លាយជាគម្របព្រៃឈើ ដែលអាចស្រូបយកកាបូន ដែលធ្វើឲ្យតំបន់សហគមន៍ការពារធម្មជាតិ នឹងក្លាយជាជាសហគមន៍អព្យាក្រឹត្យកាបូន។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឲ្យក្រុមហ៊ុនកែច្នៃឬស្សី ដោយម៉ាស៊ីន ដើរដោយថាមពលព្រះអាទិត្យ (Solar Power) ដើម្បីជួយឲ្យសហគមន៍នេះទទួលបានជោគជ័យ ក្លាយជាសហគមន៍អព្យាក្រឹត្យកាបូន កាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន LEOPA BAMBOO Co., LTD កំពុងដំណើរការសាងសង់សិប្បកម្មកែច្នៃឬស្សី ដែលដកហូតដោយប្រជាសហគមន៍ ដើម្បីធ្វើជាគ្រឿងសង្ហារឹម សម្រាប់នាំចេញ និងលើសពីនេះ មានគម្រោងកែច្នៃកំទេចឬស្សីដែលជាសំណល់ពីការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូង។
គួរឱ្យដឹងដែរថា ការរៀបចំបង្កើតសិប្បកម្មកែច្នៃឬស្សីនេះ គឺដោយសារក្រុមហ៊ុន LEOPA BAMBOO Co., LTD បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហការលើការកែច្នែឬស្សី ជាមួយសហគមន៍តំបន់ការពារធម្មជាតិចំបក់។ ក្រុមហ៊ុនលើកទឹកចិត្តទទួលទិញឬស្សី ពីសហគមន៍ដែលដកហូតឬស្សីព្រៃ ប្រកបដោយនិរន្តរភាព និងចូលរួមដាំដុះឬស្សីថែមទៀតនៅលើដីរបស់សហគមន៍៕